ស្ទឹងត្រែង ៖ ជនជាតិកួយនៅខេត្តស្ទឹងត្រែង បាននាំគ្នា អភិរក្សរបាំបែបបុរាណ ហៅថារបាំកន្ត្រឹមតាទើត ព្រោះពួកគេចាត់ទុកថា ជាផ្នែកមួយក្នុងវិស័យសិល្បៈ នៃអត្តសញ្ញាណខ្មែរដើម ហើយសព្វថ្ងៃមានតែបងប្អូនជនជាតិកួយនៅខេត្តស្ទឹងត្រែង ប៉ុណ្ណោះ ដែលចេះសំដែងរបាំប្រភេទនេះ។
ក្នុងពិធីបង្ហាត់របាំដល់យុវតីរបស់ជនជាតិកួយ នៅភូមិទន្សោង ឃុំ-ស្រុកសៀមបូក ខេត្តស្ទឹងត្រែងកាលពីពេលថ្មីៗនេះ លោកស្រី ខា ស្រស់ ជនជាតិកួយ ជាអ្នកដឹកនាំបង្ហាត់ និងសំដែងសិល្បៈ បានបញ្ជាក់ថា បងប្អូនជនជាតិកួយអភិរក្សបាននូវរបាំកន្ត្រឹមតាទើត- របាំថ្វាយគ្រូ -របាំគុណដំបង -និងរបាំបួងសួងសុំសេចក្តីសុខ ដែលរបាំទាំង៤នេះ ពួកគាត់ចេះលេងតពីគ្រូដូនតាសម័យដើមមក ហៅថាជួទើត ចំណែកខ្មែរយើងហៅថា តាទើត។
លោកស្រីបន្តថាសិល្បៈបែបរបាំតាទើតនេះពួកគាត់កំពុងនាំយុវជនជំនាន់ក្រោយឱ្យហាត់រៀន ដើម្បីអភិរក្សកុំឱ្យបាត់បង់ និងសំណូមពរទៅស្ថាបន័ពាក់ព័ន្ធ ឱ្យជួយ គាំទ្រផង។
សំឡេង ៖ “របាំតាទើតនិងជាគ្រូពីអើយគេថាជួទើត មិនមែនតាទើតទេ ព្រោះតាទើតគឺខ្មែរ បើជនជាតិគេហៅជួទើត និងជាអ្នកគ្រប់គ្រង គាត់ធ្វើការ រៀបចំដូចជាកសាង ប្រាសាទអ្វីៗ គឺតាទើតហ្នឹងហើយ របស់ប្រពៃណីជនជាតិកួយ ដូចជាអុំទូកក៏ដោយតាទើតហ្នឹងហើយ គាត់អ្នករៀបចំ ផ្ដើមឡើងមក ជនជាតិដើមភាគតិចកួយគឺ ថែរក្សាមករហូតដល់សព្វថ្ងៃនេះ យើងខ្ញុំសំណូមពរបើមានកម្មវិធីអីអ្វីថ្ងៃក្រោយ សូមលោកមេត្តាជួយដើម្បី ឲ្យមានការចូលរួម ក្នុងរបាំជនជាតិ ដើមភាគតិចនេះ ទោះបីល្អមិនល្អ ខ្ញុំនិងកែលំអរទៅថ្ងៃក្រោយ ដើម្បីថាឱ្យរបាំរបស់ពួកនាងខ្ញុំនេះ មានការនៅយូរអង្វែង”។
លោកតា សោម ហ៊ួន ចាស់ទុំជនជាតិកួយ បានអះអាងដែរថា៖របាំទាំងនេះបាន បាត់បង់ទៅនៅក្នុងសម័យខ្មែរក្រហម ហើយក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ បងប្អូនជនជាតិកួយ បានស្រាវជ្រាវឡើងវិញ ហើយបាននាំគ្នាហាត់រៀន សម្រាប់ សំដែងលេងក្នុងពិធីបុណ្យភូមិឬបុណ្យចូលឆ្នាំ តរៀងមក។ លោកគាំទ្រចំពោះគំនិតចង់អភិរក្សនេះ ព្រោះថារបាំជនជាតិ មានតែជនជាតិកួយ ប៉ុណ្ណោះដែលចេះនិងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ ដែលមាននៅពីជំនាន់ដើម។
លោកស្រី ញើត សារឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង បានអះអាង ថា កិច្ចការអភិរក្សនេះ កន្លងមកមន្ទីរបានជួយគាំទ្រផ្នែកសម្លៀកបំពាក់និងថវិកាមួយចំនួន ទៅដល់ការហាត់រៀន សម្រាប់ឱ្យកូនចៅជំនាន់ក្រោយចេះសម្តែងបន្ត តែទោះជាយ៉ាងណា នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។
សូមបញ្ជាក់ថា បងប្អូនជនជាតិកួយមានរស់នៅឃុំស្រែក្រសាំង ស្រុកសៀមបូក បាននាំគ្នា អភិរក្សរបាំកន្ត្រឹមតាទើត ចំណែកបងប្អូនដែលរស់នៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ អភិរក្សរបាំវាយខែល៕