មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានណែនាំដល់ប្រជាកសិករពីការថែទាំស្រូវរដូវវស្សា ឆ្នាំ២០២២នេះ ខណៈដែលនៅដើមរដូវនេះស្រុកមួយចំនួនក្នុងខេត្ត បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងដែលធ្វើឱ្យប៉ះពាល់ ដល់ដំណាំស្រូវ ។
លោក ដុក សាវឿន ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា នៅក្នុងខេត្តត្បូងឃ្មុំចាប់តាំងពីដើមខែឧសភាមក គឺមានភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ ធ្វើឱ្យប៉ះពាល់និងខូចខាតស្រូវរដូវវស្សារបស់កសិករ ដែលទាមទារឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្ម ត្រូវយកចិត្តទុកដាក់អនុវត្ត នូវវិធានការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យដំណាំស្រូវរបស់ប្រជាកសិករទទួលបានទិន្នផលខ្ពស់និងលូតលាស់បានល្អ ក្នុងគោល បំណងធានាបាននូវសន្តិសុខស្បៀង និងឈានទៅសម្រេចបានតាមគោលនយោបាយជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ របស់រាជរដ្ឋាភិបាល ជាពិសេសដើម្បីឱ្យលទ្ធផលនៃការងារបង្កបង្កើនផលសម្រេចបានល្អប្រសើរទៅតាមផែនការគ្រោងទុក ។
លោកបានបន្តថា មន្ទីរបានដាក់ចេញវិធានការចាំបាច់ និងបន្ទាន់មួយចំនួន រួមមាន ៖ ចុះណែនាំកសិករឱ្យយកចិត្តទុកដាក់ពិនិត្យ និងត្រៀមលក្ខណៈរៀបចំដីស្រែ ជាពិសេសត្រូវបិទភ្លឺនិងបូមទឹកចេញពីក្នុងស្រែ ករណីមានការលិចលង់ដោយជំនន់ទឹកភ្លៀង ដើមរដូវនេះ ។ ចុះជំរុញឱ្យប្រជាកសិករចាប់ផ្ដើមដាំដុះស្រូវរដូវវស្សាពឹងទឹកភ្លៀងនៅតំបន់ខ្ពស់ ដែលកសិករទម្លាប់ដាំដុះក្នុងខែ កក្កដា ឬខែសីហា ឱ្យប្រញាប់ប្រញាល់ដាំដុះ ព្រោះឆ្នាំនេះមិនមានកូនរដូវប្រាំងទេ ជាពិសេសបានណែនាំពីបច្ចេកទេសថែទាំ ដំណាំស្រូវ ដូចជាការប្រើប្រាស់ជីបំប៉ន ថ្នាំកសិកម្ម និងការគ្រប់គ្រងសមាសភាពចង្រៃ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយការចំណាយថ្លៃដើម ។
សំឡេង ៖ « គឺយើងបានណែនាំឱ្យកសិករប្រើប្រាស់ជីឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ដែលកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ហើយក៏ណែនាំឱ្យកសិករប្រើថ្នាំកសិកម្ម គឺជាប្រភេទថ្នាំជំងឺ ថ្នាំសត្វល្អិតចង្រៃផ្សេងៗនោះ គឺណែនាំឱ្យ គាត់ប្រើឱ្យបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេសដូចគ្នា ក្នុងគោលបំណងកាត់បន្ថយថ្លៃដើមផលិតរបស់គាត់ ព្រោះយើងដឹង ហើយថា ក្នុងពេលបច្ចុប្បន្ននេះជីថ្នាំកសិកម្មមានតម្លៃថ្លៃបើធៀបទៅនឹងបណ្ដាឆ្នាំមុនៗ អ៊ីចឹងហើយគឺយើងត្រូវណែនាំគាត់ ឱ្យចេះប្រើប្រាស់ជីថ្នាំនោះឱ្យបានត្រឹមត្រូវទៅតាមបច្ចេកទេស ដើម្បីកាត់បន្ថយចំណាយរបស់គាត់បានមួយកម្រិតផងដែរ » ។
លោកបានបន្ថែមថា ក្នុងនោះមន្ត្រីជំនាញក៏បានណែនាំដល់កសិករឱ្យត្រៀមឧបករណ៍ សម្ភារៈ និងគ្រាប់ពូជស្រូវ សម្រាប់ដាំដុះ ស្តារឡើងវិញក្នុងករណីមានការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ ជាពិសេសក៏មានការចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតដំណាំស្រូវដោយសារទឹកជំនន់ទឹកភ្លៀង ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ សំដៅជួយអន្តរាគមន៍ដល់កសិករ ក្រីក្រ និងអ្នកងាយរងគ្រោះដែលខ្វះលទ្ធភាពរកគ្រាប់ពូជស្រូវ ។
សូមបញ្ជាក់ថា ខេត្តត្បូងឃ្មុំ បានជួបប្រទះនឹងគ្រោះជំនន់ទឹកភ្លៀងនៅដើមរដូវ ដែលធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវប្រមាណជិត ៣០០០ហិកតា ខូតខាតស្រូវប្រមាណជាង២៧០០ហិកតា ក្នុងស្រុកចំនួន២ គឺស្រុកពញ្ញាក្រែក និងស្រុកអូរាំងឪ ៕