កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកតិកាសញ្ញាពាណិជ្ជកម្មធំបំផុតរបស់ពិភពលោកបានចូលជាធរមានជាផ្លូវការហើយកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសសិង្ហបុរី លោក Gan Kim Yong បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលបានចេញផ្សាយកាលពីថ្ងៃទី៣១ ខែធ្នូថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ការជំរុញដល់ទំនាក់ទំនងពាណិជ្ជកម្ម និងធុរកិច្ចរវាងប្រទេសសិង្ហបុរី និងប្រទេសជាភាគីនៃកិច្ចព្រមព្រៀង RCEP ។
លោកបាននិយាយថា បណ្តាក្រុមហ៊ុនអាជីវកម្មរបស់សិង្ហបុរីជាច្រើនបានបង្ហាញថា ពួកគេចង់ទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង RCEP នេះនៅពេលដែលវាចូលជាធរមាន។
អគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងនេះនឹងបើកឱកាសក្នុងការជំរុញដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់ដែលត្រូវការជាចាំបាច់សម្រាប់ការស្តារសេដ្ឋកិច្ចឡើងវិញ ស្របពេលដែលមានជំងឺកូវីដ-១៩។
លោក Lim បានកត់សម្គាល់ថា កិច្ចព្រមព្រៀង RCEP នឹងពង្រឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ដោយការពង្រីកច្បាប់នៃប្រភពដើមរួម ការធ្វើឱ្យសាមញ្ញនៃនីតិវិធីគយ ការសម្របសម្រួលពាណិជ្ជកម្ម និងច្បាប់ពាណិជ្ជកម្មដែលស៊ីសង្វាក់គ្នាដោយផ្តល់នូវតម្លាភាព យុត្តិធម៌ និងលទ្ធភាពព្យាករកាន់តែច្រើនសម្រាប់ធុរកិច្ច។
សម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក កិច្ចព្រមព្រៀង RCEP ត្រូវបានគេមើលឃើញថាជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងសមាហរណកម្មក្នុងតំបន់ និងជាកម្លាំងរុញច្រានថ្មីសម្រាប់ពាណិជ្ជកម្មសេរី និងពហុភាគីនិយម ស្របពេលដែលមានភាពមិនច្បាស់លាស់ជាច្រើនក្នុងពិភពលោក។
ដោយត្រូវបានចុះហត្ថលេខាកាលពីក្នុងខែវិច្ឆិកា ឆ្នាំ២០២០ កិច្ចព្រមព្រៀង RCEP ដែលមានសមាជិកទាំង ១០ របស់អាស៊ាន រួមជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់ នឹងគ្របដណ្តប់ ៣០ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់សកលលោកដែលមានតម្លៃ ២៦,២ទ្រីលានដុល្លារអាម៉េរិក។
កិច្ចព្រមព្រៀង RCEP នឹងបង្កើតទីផ្សារមួយដែលមានអ្នកប្រើប្រាស់ចំនួន ២,២ប៊ីលាននាក់ ហើយនឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំបំផុតមួយក្នុងពិភពលោកទាក់ទងនឹងចំនួនប្រជាជន។ កិច្ចព្រមព្រៀងនេះនឹងលុបបំបាត់ពន្ធទៅលើទំនិញរហូតដល់ ៩២ភាគរយនៃទំនិញដែលត្រូវបានជួញដូររវាងប្រទេសហត្ថលេខី ពង្រីកការចូលទៅកាន់ទីផ្សារសម្រាប់ការវិនិយោគ ធ្វើសមកាលកម្មច្បាប់ និងបទប្បញ្ញត្តិ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងតំបន់ពាណិជ្ជកម្មសេរីដ៏ធំ។
កិច្ចព្រមព្រៀង RCEP ត្រូវបានរចនាឡើងដើម្បីកាត់បន្ថយការចំណាយ និងពេលវេលាសម្រាប់អាជីវកម្មក្នុងការនាំចេញទំនិញទៅកាន់ប្រទេសហត្ថលេខីណាមួយនៃកិច្ចព្រមព្រៀង ដោយមិនចាំបាច់បំពេញតាមតម្រូវការដាច់ដោយឡែករបស់ប្រទេសនីមួយៗនោះទេ៕