កសិកម្មផ្នែកដាំដុះដូងក្រអូបនៅកម្ពុជាកាន់តែមានសន្ទុះកើនឡើង ខណៈដែលបច្ចុប្បន្ននេះ មានអតិថិជនជាច្រើនបានមកទិញ សម្រាប់បរិភោគ លក់បន្ត និងដាំលម្អតាមចម្ការ ។
លោក សួង ណយ ម្ចាស់សហគមន៍ដូងក្រអូបនៅខេត្តបន្ទាយមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់ផ្ដើមដាំដូងក្រអូប នេះអស់រយៈពេលច្រើនឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការទីផ្សារ។
លោកបានបន្តថា សហគមន៍ក៏មានលក់ដូងក្រអូបខ្ចី ដូងក្រអូបទុំ កូនដូងក្រអូប ពូជដូងក្រអូប និងផលិតផលដូងក្រអូបសម្រេចហើយ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក ក៏ដូចជាបាននាំចេញទៅកាន់រាជធានី ខេត្តផ្សេងៗទៀតផងដែរ ។
លោកបន្ថែមថា បច្ចេកទេសក្នុងការ ដាំដូងក្រអូប យើងត្រូវជ្រើសរើសប្រភេទពូជណាដែលមានអាយុកាលចាប់ពី១០ឆ្នាំឡើង ហើយជាប្រភេទដូងតឿមានផ្លែច្រើន ផ្អែម និងក្រអូប បន្ទាប់មកយើងយកមកបណ្ដុះទើបយកមកដាំ និងមានការដាក់ជីត្រឹមត្រូវ ជាពិសេសត្រូវរៀបចំប្រព័ន្ធទឹកស្រោចស្រព ឱ្យបានគ្រប់គ្រាន់ ទើបទទួល បានទិន្នផលខ្ពស់។
លោកថា៖« ដំណាំដូងងាយថែ ងាយដាំ ហើយប្រទេសយើងជាប្រទេសដែលមានខ្យល់នៅក្នុងតំបន់ ដែលសម្បូរភ្លៀង ហើយក្ដៅ ចឹងដូងត្រូវការ ដាំល្អអ៊ីចឹងដូងដាំកន្លែងណាក៏បានតែយើងត្រូវការតែមានប្រព័ន្ធទឹកកាលណាដាំដូងត្រូវការមានប្រព័ន្ធទឹកអ៊ីចឹងហើយបានលទ្ធផលខ្ពស់ហើយដាំតែម្ដងយើងទទួលផលបាន៣០ឆ្នាំហើយដូងអត់ខ្វល់ទេលក់តាំងពីខ្ចីទុំកូនដល់ដើមអ៊ីចឹងគឺគាស់បន្តគ្នារហូត»
លោក បានសំណូមពរឱ្យប្រជា កសិករនាំគ្នាខិតខំបណ្តុះដូងក្រអូប កុំនាំគ្នាទិញពូជដូងក្លាយ ព្រោះពេលដាំទៅមិនអាចទទួលបានទិន្នផលខ្ពស់ ដូចដូងក្រអូបទេ ជាពិសេសដូងក្លាយមិនអាចយកធ្វើអ្វីបានច្រើនទេ ណាមួយលក់បានតម្លៃថោកទៀត ។
សូមបញ្ជាក់ថា សហគមន៍ដូងក្រអូបរបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ២០២០ លើផ្ទៃដីដាំដុះជាង១០០ហិកតា មានសមាជិក១៥នាក់ ស្ថិតនៅ ក្នុងខេត្តបន្ទាយមានជ័យនិងមានទីតាំងលក់ ផ្ទះលេខ៤៣ផ្លូវលេខ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕