ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សា ការងារ តាមទូរស័ព្ទជាមួយឯកឧត្តម Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី នៅភូមិគ្រឹះក្រុងតាខ្មៅ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២នេះ ។
នៅក្នុងជំនួបតាមទូរស័ព្ទនោះ ឯកឧត្តម Joko Widodo បានគោរពជូនពរសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ព្រមទាំងចៅៗ ទាំងអស់ក្នុងឱកាសឆ្នាំសកល២០២២។ ឯកឧត្តមក៏បានអបអរសាទរ និងគាំទ្រចំពោះសម្តេចតេជោដែលបានឡើងធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២២នេះ។ ឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ីបានថ្លែង និងគូសបញ្ជាក់ថា ឯកឧត្តមនឹងគាំទ្រសម្ដេចតេជោ ធ្វើយ៉ាងណាឲ្យសម្ដេចតេជោទទួលបាននូវភាពជោគជ័យក្នុងការដឹកនាំអាស៊ាននៅឆ្នាំ ២០២២នេះ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម Joko Widodo និងបានជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារក្នុងឱកាសឆ្នាំថ្មីឆ្នាំសកល២០២២នេះផងដែរ។ លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ដែលបានអបអរសាទរ និងសម្ដែងនូវការគាំទ្រចំពោះកម្ពុជា ក្នុងការអនុវត្តន៍តួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ នេះ ។
សម្ដេចតេជោក៏បានថ្លែងអំណរគុណសាជាថ្មី ចំពោះឯកឧត្តមប្រធានាធិបតីឥណ្ឌូនេស៊ី ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប កាលពីថ្ងៃ ទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។ ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានសម្ដែងនូវការកោតសរសើរ នូវភាពសកម្មរបស់ឥណ្ឌូនេស៊ី ក្នុងការផ្ដួចផ្ដើមគំនិតជាច្រើនលើការកសាងសហគមន៍អាស៊ាន ដែលថ្មីៗនេះមានដូចជា ទី១.ទស្សនៈអាស៊ានស្ដីពី ឥណ្ឌូប៉ាស៊ីហ្វិក ដែលជា ឯកសាររបស់អាស៊ានដើម្បីគ្រប់គ្រងទំនាក់ទំនងជាមួយដៃគូខាងក្រៅ និងរក្សាមជ្ឈភាពអាស៊ាន និងទី២.ការរៀបចំច្រកធ្វើដំណើរក្នុងតំបន់ អាស៊ាន ឆ្លើយតបទៅនឹងការរឹតត្បិតដោយសារជំងឺរាតត្បាតកូវីដ១៩ ។
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ឯកឧត្តម Joko Widodo ចំពោះការជូនពរ និងការសំដែងនូវការគាំទ្រកម្ពុជា ក្នុងការបំពេញតួនាទីជាប្រធានអាស៊ាន នៅឆ្នាំ២០២២នេះ៕