ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានយល់ព្រមទៅលើថវិកាបម្រុងចំនួន ១៤,១ទ្រីលានរូពៀ (ជាង ៩៨៥លានដុល្លារអាម៉េរិក) សម្រាប់គម្រោងថ្មីចំនួន ៤ ក្នុងក្របខ័ណ្ឌនៃកម្មវិធីស្តារសេដ្ឋកិច្ចជាតិឡើងវិញឆ្នាំ២០២២។
ព័ត៌មាននេះត្រូវបានលាតត្រដាងដោយរដ្ឋមន្ត្រីសម្របសម្រួលរបស់ឥណ្ឌូណេស៊ីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច លោក Airlangga Hartarto នៅក្នុងសន្និសីទមួយកាលពីសប្តាហ៍មុន។
គម្រោងថ្មីនេះគ្របដណ្តប់ទៅលើការកាត់បន្ថយអត្រាការប្រាក់កម្ចីចំនួន ៣ភាគរយដល់ប្រជាពលរដ្ឋនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២ ការពង្រីក និងការបង្កើនល្បឿននៃការគាំទ្រសាច់ប្រាក់សម្រាប់អ្នកលក់ និងការអនុគ្រោះពន្ធទៅលើតម្លៃបន្ថែមសម្រាប់ការលក់ផ្ទះ។
រដ្ឋាភិបាលឥណ្ឌូណេស៊ីគ្រោងនឹងចាប់ផ្តើមគម្រោងទាំងនេះនៅក្នុងត្រីមាសទីមួយនៅក្នុងឆ្នាំនេះ នៅមុនពេលធ្វើការស្ទង់មតិសេដ្ឋកិច្ចសង្គមជាតិដែលចាប់ផ្តើមនៅក្នុងខែមេសា៕