កណ្តាល៖ រសៀលថ្ងៃ អង្គារ២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ទី០៤ ខែមករា ឆ្នាំ២០២២
លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានអញ្ជើញដឹកនាំក្នុងកិច្ចប្រជុំពិភាក្សា ដើម្បីចុះពិនិត្យទីតាំងការដ្ឋានដេប៉ូខ្សាច់ឯកជនមួយកន្លែង ស្ថិតនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយមានការចូលរួមពីបណ្តាមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងតាខ្មៅ កងកម្លាំងមានសមត្ថកិច្ច និងមន្ត្រីជំនាញ ។
ក្នុងកិច្ចប្រជុំនេះ លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានស្នើដល់ម្ចាស់ដេប៉ូ រាល់ការដឹកខ្សាច់ ត្រូវអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ត្រូវគ្របឱ្យបានជិតកុំឱ្យខ្សាច់ធ្លាក់មកលើផ្លូវ ត្រូវដោះស្រាយចំពោះការបង្ហូរកាកសំណល់ នៃការបូមខ្សាច់ចូលលូសាធារណៈ ។ លោកអភិបាលរងខេត្ត ក៏បានស្នើឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវចុះពិនិត្យដល់ទីតាំងផ្ទាល់របស់ការដ្ឋានមួយនេះ ដើម្បីធ្វើការដោះស្រាយ និងសម្របសម្រួលជាមួយម្ចាស់ដេប៉ូ ឱ្យបានរួចរាល់ឆាប់បំផុត។
គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្ត ក៏បានពិនិត្យអាជីវកម្មរ៉ែ ដែលពុំមានច្បាប់អនុញ្ញាត ធ្វើខុសបច្ចេកទេស និងធ្វើលើសដែនអាជ្ញាប័ណ្ណចំនួន ០៨ទីតាំង ដែលស្ថិតនៅក្នុងស្រុកកណ្តាលស្ទឹង និងបញ្ជាឱ្យម្ចាស់ដេរប៉ូទាំងអស់ ត្រូវតែបង់ពន្ធជូនរដ្ឋ និងត្រូវធ្វើតាមច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ មុននឹងធ្វើអាជីវកម្ម៕