ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃពុធ ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២២
ក្នុងឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្តសម្រាប់ឆ្នាំ២០២២ ចំនួន៦៣គម្រោង ក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។
នេះជាការលើកឡើងរបស់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអភិវឌ្ឍន៍គម្រោងរបស់រដ្ឋបាលខេត្តកណ្ដាលសម្រាប់ឆ្នាំ២០២២ នៅសាលាខេត្តកណ្ដាល។
ឯកឧត្តមអភិបាលខេត្ត បន្តថា ដោយវិបត្តិបញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងឆ្នាំ២០២១ ខេត្តកណ្ដាលមានគម្រោងអភិវឌ្ឍខេត្ត មានចំនួន១៨គម្រោង។ ដោយនៅក្នុងឆ្នាំ២០២២នេះ បញ្ហាការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មានការធូរស្រាល ហើយរដ្ឋបាលខេត្តកណ្ដាលបានរៀបចំគម្រោងអភិវឌ្ឍន៍ខេត្ត សម្រាប់ឆ្នាំ២០២២នេះ មានចំនួន៦៣ គម្រោង ដោយក្នុងនោះផ្ដោតសំខាន់លើ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ អគារ ការដាក់ភ្លើងបំភ្លឺផ្លូវ និងការអភិវឌ្ឍនានាជាច្រើនផ្សេងទៀត។ រាល់គម្រោងដែលបានលើកឡើង ត្រូវផ្ដោតសំខាន់លើគម្រោងណាដែលមានអទិភាពខ្ពស់ សំដៅបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុកទាំងអស់ ត្រូវយកចិត្តទុកដាក់រាល់គម្រោង ដែលរដ្ឋបាលកណ្ដាល បានផ្ដល់ជូនដល់រដ្ឋបាលក្រុង-ស្រុក ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការទទួលខុសត្រូវ។
សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងឆ្នាំ២០២២នេះ រដ្ឋបាលក្រុង-ស្រុកដែលទទួលបានគម្រោងរួមមាន៖
-គម្រោងក្នុងខេត្ត មានចំនួន ០៦គម្រោង
-ស្រុកកណ្តាលស្ទឹង មានចំនួន ០៤គម្រោង
-ស្រុកកៀនស្វាយ មានចំនួន ០៤គម្រោង
-ស្រុកខ្សាច់កណ្តាល មានចំនួន ០៤គម្រោង
-ស្រុកកោះធំ មានចំនួន ០៣គម្រោង
-ស្រុកលើកដែក មានចំនួន ០៣គម្រោង
-ស្រុកអង្គស្នួល មានចំនួន ០២គម្រោង
-ស្រុកពញាឮ មានចំនួន ០៥គម្រោង
-ស្រុកស្អាង មានចំនួន ០៣គម្រោង
-ក្រុងតាខ្មៅ មានចំនួន ២៦គម្រោង។