ថ្លែងទៅកាន់មន្ត្រីរាជការសាលាខេត្តកណ្តាល និងមន្រ្តីកម្មសិក្សាការី ដែលបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២២ និង អបអរសាទរខួបលើកទី៤៣ នៃទិវាមហាជ័យជម្នះ ៧មករា នារសៀលថ្ងៃ៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃពុធ ទី០៥ ខែមករា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានកោតសរសើរដល់មន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារកន្លងមកទទួលបានជោគជ័យ និងមានភាពទទួលខុសត្រូវលើតួនាទី និងភារកិច្ចរបស់ខ្លួនបានល្អ ជាពិសេសគោរពនូវវិន័យ ខិតខំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងត្រូវខិតខំរៀនសូត្រ សិក្សាឈ្វេងយល់ ក្រេបជញ្ជក់យកចំណេះដឹង បទពិសោធន៍ ដើម្បីអភិវឌ្ឍន៍លើសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងសកលភាវរូបនីយកម្ម នៃបច្ចេកវិទ្យាជឿនលឿន សំដៅយ៉ាងណាឱ្យខេត្តទទួលបាននូវ សមិទ្ធផលថ្មីៗ និងមានការអភិវឌ្ឍកាន់តែប្រសើរឡើង។
នាឱកាសនោះឯកឧត្តម អភិបាលខេត្តកណ្តាល បានលើកទឹកចិត្តដល់មន្ត្រីវ័យក្មេង ដែលជាមន្ត្រីត្រូវបន្តវេណពីមន្ត្រីចាស់ៗ ដែលត្រូវចូលនិវត្តន៍ ត្រូវខិតខំរៀនសូត្រ ឈ្វេងយល់ពីបទពិសោធន៍ របៀបរបបការងារបន្ថែមទៀត ដើម្បីបង្កើនសមត្ថភាពរបស់ខ្លួន ឱ្យកើនឡើងទ្វេដងទៅតាមជំនាញ និងវិជ្ជាជីវៈរបស់ខ្លួន ។
ជាពិសេសត្រូវខិតខំព្យាយាមរៀនសូត្រពីរៀមច្បង ដែលមានពិសោធន៍ការងារមុនៗ សំដៅអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ឱ្យមានសមត្ថភាពពេញលេញ ក្នុងការបំពេញភារកិច្ចបម្រើសេវាជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយចំណេះដឹង វិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ។
អភិបាលឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់ថា បច្ចុប្បន្ន ប្រជាជាតិយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមពន្លឺនៃសន្តិភាព និងការអភិវឌ្ឍ យ៉ាងណាក្តីក៏យើងទាំងអស់គ្នានៅតែចងចាំជានិច្ចនូវអតីតកាលដ៏ឈឺចាប់ និងខ្មៅងងឹតបំផុតរបស់ជាតិយើង ដែលបណ្តាលមកពីភ្លើងសង្គ្រាម និងអំពើប្រល័យពូជសាសន៍ ដ៏សាហាវយង់ឃ្នងបំផុត ក្នុងគ្រោះមហន្តរាយប្រល័យពូជសាសន៍ ប៉ុល ពត ដែលធ្វើឱ្យមាតុភូមិកម្ពុជា ត្រូវបំផ្លិចបំផ្លាញខ្ទេចខ្ទីដល់ចំណុចសូន្យ។
ឯកឧត្តម គង់ សោភ័ណ្ឌ បានបញ្ជាក់បន្ថែមថា ឆ្លងកាត់រយៈពេល៤៣ឆ្នាំ បន្ទាប់ពីជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ប្រជាជាតិមួយដែលរងការសម្លាប់រង្គាល បានងើបឈរឡើងវិញយ៉ាងរឹងប៉ឹង និងស្រស់បំព្រង ប្រកបដោយមោទនភាពខ្ពស់បំផុត ក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាព ដ៏មានតម្លៃនេះឱ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើងបន្តទៀត ៕