ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យចៅសង្កាត់ និងស្មៀន ត្រូវបម្រើសេវាសាធារណៈ និងសេវាផ្សេងៗទៀត ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន របស់ខ្លួនឱ្យបានល្អប្រសើរ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញបែបនេះនៅក្នុងពិធី ជួបសំណេះសំណាលជាមួយចៅសង្កាត់ និងស្មៀនទាំងអស់នៅក្នុងរាជធានីភ្នំពេញ នាព្រឹក ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ នៅសាលារាជធានីភ្នំពេញ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ចៅសង្កាត់ និងស្មៀន ជាអ្នកដែលនៅផ្ទាល់ជាមួយនឹងបងប្អូនប្រជាពលរដ្ឋ។ ដូច្នេះអ្វីដែលជាការចង់បានរបស់ប្រជា ពលរដ្ឋ យើងត្រូវតែបម្រើពួកគាត់ ពិសេសការផ្តល់សេវាជូនពួកគាត់ឱ្យមានតម្លាភាព និងទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវអំណរគុណផងដែរ ចំពោះ អាជ្ញាធរសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្តក្នុងការចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ រហូត ស្ថានភាពជំងឺនេះបានធូរស្រាល និងបានឈានដល់រាជរដ្ឋាភិបាលបិទបញ្ចប់នូវព្រឹត្តិការណ៍ ២០កុម្ភៈ ដែលធ្វើឱ្យប្រទេសជាតិបានដំណើរការជាប្រក្រតីឡើងវិញ៕