ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញទៅដល់ទីក្រុងណៃពិដោ ដោយសុវត្ថិភាពហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៧ដល់ ថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២២ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
សូមជំរាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានផងនោះ នៅវេលាម៉ោង៧៖៤០នាទីព្រឹកថ្ងៃសុក្រ ទី០៧ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញចាកចេញពីប្រទេសកម្ពុជាហើយ បំពេញទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដែលជាប្រទេសសមាជិកអាស៊ាន ហើយកំពុងជួបវិបត្តិនយោបាយ។ ដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានាថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏នាំទៅជាមួយជំនួយជាម៉ាស់ជាង ៣លាន និងគ្រឿងបរិក្ខារមួយចំនួនទៀត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរាតត្បាតជំងឺកូវីដ១៩នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
យោងតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថាក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន។
ជំនួយដែលសម្តេចតេជោនឹងប្រគល់ជូនមីយ៉ាន់ម៉ានេះ រួមមាន៖ ម៉ាស ចំនួន៣លាន, ម៉ាស់ N95 ចំនួន២សែន, វែនតាការពារ ចំនួន១សែន, សំលៀកបំពាក់ការពារសុវត្ថិភាព ចំនួន៣ម៉ឺន, របាំងការពារមុខ ចំនួន៣ម៉ឺន, ស្បែកជើងវែងចំនួន ៣ពាន់សម្រាប់, ម៉ាស៊ីនជំនួយដកដង្ហើម ចំនួន៥០គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន៥០គ្រឿង និងម៉ាស៊ីនផ្ដល់អុកស៊ីសែនស្វ័យប្រវត្តិ ចំនួន ៥០គ្រឿង៕