បន្ទាយមានជ័យ៖ ចន្ទ ៨កើតខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានណែនាំឱ្យក្រសួងសុខាភិ បាលរៀបចំកន្លែងទទួលចាក់វ៉ាក់សាំងដូសទី៤ ឬដូសជំរុញជូនដល់ប្រជាពលរដ្ឋទាំងអស់នៅ រាជធានីភ្នំពេញ បើទោះបីជាពួកគេមកពីរាជធានី ខេត្តណាក៏ដោយ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ ពីខេត្តបាត់ដំ បង ទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា តាមដំណឹងដែលទទួលបានគឺក្រសួងសុខាភិបាលបានព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលចង់មកចាក់វ៉ាក់សាំងដូសទី៤ នៅរាជធានីភ្នំពេញច្រើន ប៉ុន្តែសម្តេចតេជោថារឿងពលរដ្ឋមកចាក់វ៉ាក់ សាំងដូសទី៤នៅរាជធានីភ្នំពេញកាន់តែស្រួលវិញទេ ពីព្រោះថាមិនបើគេមកចង់ចាក់គឺរៀបចំចាក់ឱ្យតែម្តង មិនថាមកពីខេត្តណាទេ។ ទន្ទឹមនេះ ការចាក់ជូនពលរដ្ឋមករាជធានីភ្នំពេញនឹងមិនធ្វើឱ្យក្រសួងសុខាភិបាលចំណាយក្រុមគ្រូពេទ្យចុះទៅចាក់ប្រជាពលរដ្ឋនៅតាមខេត្ត។ សម្តេចតេជោគូសបញ្ជាក់ថា “មិនថាគាត់មកពីខេត្តណានោះទេ គឺចាក់ឱ្យគាត់ យើងត្រូវធ្វើយ៉ាងណាឱ្យវ៉ាក់ សាំងចូលទៅក្នុងខ្លួនគាត់ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ”។
សម្តេចតេជោលើកឡើងថា សម្តេចបានទទួលព័ត៌មានថា ជំងឺកូវីដ១៩បានបំប្លែងថ្មីមួយប្រភេទកូនកាត់ដែលចេញពីដែលតា និងអូមីក្រុង ហើយគេហៅថា ដែលតាមីក្រុង។ ដូច្នេះ ដោយសារតែមើលមិនឃើញចំពោះការបំប្លែងថ្មីរបស់ជំងឺកូវីដ១៩នេះហើយ យើងត្រូវមានការខិតខំប្រឹងប្រែងពីប្រជាពលរដ្ឋម្នាក់ៗ គ្រួសារនីមួយៗធ្វើការការពារខ្លួន ដោយអនុវត្ដន៍នូវវិធានការ ៣កុំ ៣ការពារ។ សម្តេចតេជោថ្លែងថា “ខ្ញុំសូមអំពាវនាវឱ្យពន្លឿនចាក់វ៉ាក់សាំងដូសជំរុញ..កាលពីម្សិលមិញខ្ញុំបានចេញបញ្ជាឱ្យទិញវ៉ាក់សាំងជាង៥លានដូសបន្ថែមទៀត។ ពិតមែនយើងសល់វ៉ាក់ សាំងនៅក្នុងឃ្លាំងជាង១០លានដូសក្តី ក៏ប៉ុន្តែសម្រាប់យើងគិតឱ្យគ្រប់ សម្រាប់ការចាក់ដូសជំរុញបន្តបន្ទាប់ទៀត ដូច្នេះយើងត្រូវការ៨លានដូសទៀត”។
ជាមួយគ្នានេះ សម្ដេចតេជោបានស្នើឱ្យខេត្តនីមួយៗត្រូវខិតខំដើម្បីរៀបចំដំណើរការចាក់ដូសទី៣ឱ្យទាន់ពេលដើម្បីទប់ស្កាត់អូមីក្រុង ដែលពេលនេះវាបានកំពុងតែចូលក្នុងសហគមន៍។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីក៏បានជំរុញឱ្យក្រសួងសុខាភិបាលរៀបចំប្រមូលផ្តុំវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នូវដូសទី៤ ប្រភេទ Pfizer នៅរាជធានីភ្នំពេញតែម្តង។
សម្តេចតេជោបានអះអាងថា “មានអ្នកផ្អើលថាខ្លាចបងប្អូនមកខេត្តច្រើនពេក អីញ្ចឹងខ្ញុំប្រាប់ ថាបើពលរដ្ឋផ្អើលពីណាក៏បាន ខ្មែរដូចគ្នា កុំឆ្ងល់ពេក បើគេចង់ជិះពីបាត់ដំបង ទៅចាក់នៅភ្នំពេញចាក់ឱ្យទៅ ខ្មែរដូចគ្នាទេ ហើយចាក់ Pfizer ហ្នឹងឱ្យអស់ទៅ។ ការចាក់ឱ្យប្រជាពលរដ្ឋទាំងអស់ទោះបីមកពីខេត្តណាក៏ដោយ គឺធ្វើឱ្យឆាប់ចប់។” សម្ដេចតេជោក៏បានប្រាប់ឱ្យលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលសូមប្រកាសទៅបើអុ្នកណាចង់ចាក់ Pfizer នៅរាជធានីភ្នំពេញ គឺចាក់ឱ្យទៅ ពីព្រោះថាវ៉ាក់សាំងប្រភេទនេះបើដឹក ទៅតាមខេត្តអត់មានប្រព័ន្ធគ្រប់គ្រង និងខូច។
សម្តេចតេជោបានថ្លែងបញ្ជាក់ថា “អីចឹងទេបើអ្នកនៅតាមខេត្តចង់ចាក់ដូសទី៤ គឺអញ្ជើញទៅចាក់ ហើយអ្វីដែលសំខាន់គឺត្រូវចាក់ឱ្យចូលក្នុងខ្លួនមនុស្ស។ ឯកឧត្តម ម៉ម ប៊ុនហេង សូមកុំទើសទាល់ថាមានមនុស្សដណ្តើមគ្នានៅភ្នំពេញ ប៉ុន្តែអ្វីសំខាន់គឺខ្ញុំចង់ឱ្យដណ្តើមគ្នា ចាក់វ៉ាក់សាំងហ្នឹងហើយ។ អីចឹងយើងមិនពិបាកដឹកគ្រូពេទ្យចាក់មកតាមខេត្ត…ឱ្យតែបានចាក់ យើងបង្កើតកន្លែងចាក់ឱ្យបានច្រើនកន្លែងទៅ”។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា កម្ពុជាមិនបានបែងចែកតំបន់នោះទេ ហើយអ្នកណាចង់ចាក់វ៉ាក់សាំង Pfizer សូមអញ្ជើញទៅចាក់ ដែល យើងមិនខ្លាចគេដណ្តើមវ៉ាក់សាំងទេ តែអ្វីដែលខ្លាចនោះគឺរឿងអូមីក្រុងមកដល់រាយពេញប្រទេសជាង ហើយនេះខ្លាចអ្នកមិនទៅចាក់ដូសទី៣ទៅវិញទេ៕