ព្រះវិហារ ៖ នារសៀល ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ ២០២២
ក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក ចេង លឹមហាន់ ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្ត លោក វុធ សាវី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានអញ្ជើញ បិទការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ទូទាំងខេត្តព្រះវិហារ ប្រចាំឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរ ខួបលើកទី៤៣ឆ្នាំនៃ ថ្ងៃជ័យជម្នះ៧មករា (៧មករាឆ្នាំ១៩៧៩-៧មករា២០២២)ក្រោមការ រៀបចំរបស់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត។
ថ្លែងក្នុងពិធីបិទការប្រកួតនាពេលនោះ លោក ចេង លឹមហាន់ បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍន៍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឱ្យ យុវជនគ្រប់រូប បង្វែចិត្តគំនិត មកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែក រាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។
លោកបានបន្តទៀតថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើ ឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឱ្យកាន់តែរីក ចម្រើនជាលំដាប់ ស្របពេល ដែលប្រទេសជាតិយើងមានសុខសន្តិភាព និង ចូលរួមអបអរសាទរខួបទី៤៣ ជ័យជម្នះថ្ងៃ ៧មករា (៧មករាឆ្នាំ១៩៧៩- ៧មករា២០២២)។ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ក៏ដូចប្រជាជនកម្ពុជា បានរួចផុតពីរបបដ៏ខ្មៅងងឹតដែលពោរពេញដោយភាពឈឺចាប់បំផុតមិនអាចបំភ្លេចបានឡើយ។ ដូច្នេះ ក្នុងនាមជាប្រជាជនកម្ពុជាយើង ត្រូវ រួមគ្នាថែរក្សានូវសុខសន្តិភាពនេះ ឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ។
សូមបញ្ជាក់ផងដែរថា លទ្ធផលនៃការប្រកួតនាពេលនេះ ចំណាត់ថ្នាក់លេខ១ បាល់ទាត់បុរស បានទៅលើក្រុម ខ្លាព្រៃ CSO FC បាល់ទាត់នារីបានទៅលើក្រុម វិទ្យាល័យជាស៊ីម បាល់ទះបុរស បានទៅលើក្រុម ស.ស.យ.ក ស្រុកគូលែន និងបាល់ទះនារីបានទៅលើក្រុម វិទ្យាល័យកំពង់ ស្រឡៅ៕