ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ សង្កេតឃើញថា សហគមន៍កសិកម្ម មានការសាមគ្គីគ្នា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ចង្កោមសហគមន៍ដាំដុះបន្លែ ក្នុងផ្ទះសំណាញ់មានការកើនឡើងរហូតដល់ចំនួន១៨០គ្រួសារ នៅតាមបណ្តាខេត្ត ព្រៃវែង កំពង់ចាម កំពង់ស្ពឺ ខេត្តពោធិ៍សាត់ជាដើម ។
យោងតាមហ្វេសប៊ុករបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា សហគមន៍តាសីសាមគ្គី នៅខេត្តបាត់ដំបង សម្រេចបានបរិមាណបន្លែបញ្ជូនទៅលក់ក្នុងផ្សារទំនើបបាន ៣០ភាគរយ ។
កសិករអាចទទួលបានចំណូលជាមធ្យមចំនួន ៧៥០ ដុល្លារអាមេរិក ក្នុងការប្រមូលផលម្តង ក្នុងផ្ទះសំណាញ់ ហើយក្នុងមួយឆ្នាំ កសិករអាចប្រមូលផលបានពីបួនទៅប្រាំពីរដងក្នុងមួយឆ្នាំ ទៅតាមប្រភេទបន្លែ ។
ឯកឧត្តមបានបន្តថា អនុវត្តការដាំដុះជាលក្ខណៈបណ្តាក់ ដោយសហការគ្នាជាបណ្តុំកសិករនិងសហគមន៍ ស្របទៅតាមតម្រូវការទីផ្សារ ហើយ បន្លែដាំជាលក្ខណៈបណ្តាក់ និងឆ្លាស់គ្នានោះ រួមមានស្ពៃក្តោប ស្ពៃក្រញាញ់ ផ្កាខាត់ណាខៀវ ផ្កាខាត់ណាលឿង ប៉េងប៉ោះ ស្ពៃចង្កឹះជាដើម ។
ឯកឧត្តម បានបន្ថែមថា ពូជប៉េងប៉ោះដែលមានសក្តានុពលជាងគេគឺ ពូជមហាផល និងអាគ្រីបៃតង ខណៈដែលផ្ទះសំណាញ់ ដែលមាន សក្តានុពលសម្រាប់ដាំបន្លែ នៅក្នុងខេត្តនេះគឺមាន កម្ពស់២ ទៅ ២.៥ ម៉ែត្រ, ទទឹងប្រវែង ១០ ម៉ែត្រ និងបណ្តោយ ២៧ ម៉ែត្រ ។