ខេត្តបាត់ដំបង ៖ នគរបាលក្រុងបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពីបទហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ក្រោយទទួលបានបណ្ដឹងពីឈ្មោះ លន់ រតនា ភេទស្រី អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ អូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ពាក់ព័ន្ធទៅនឹងករណីហិង្សាដោយជនសង្ស័យបានប្រើប្រាស់កាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ឌី ចាន់វុទ្ធី ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសង្កាត់ខាងលើជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់។
លោកបន្តថា បន្ទាប់ពីទទួលបានបណ្តឹង ភ្លាមនោះដោយអនុវត្តតាមការណែនាំផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោកបានចាត់អោយកម្លាំងផ្នែកជំនាញចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទាវ សុផាន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីឃាត់ខ្លួនយកមកសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា ដោយសារតែខ្លួនខឹងជនរងគ្រោះចាក់ទឹកថ្នាំសំរាប់ទុកអោយមាន់ផឹកចោលទើបខ្លួនទប់កំហឹងមិនបានស្ទុះយកកាំបិតកាប់យកៗតែម្តង។
បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅសម្រាកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដោយឡែកជនសង្ស័យត្រូវបានការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់។