មន្ទីរកសិកម្មខេត្ត មណ្ឌលគិរី លើកទឹកចិត្តឱ្យប្រជាកសិករបង្កើនការចិញ្ចឹមត្រីអណ្ដែងតាមទំនើបវប្បកម្មឱ្យបានច្រើន សម្រាប់ផ្តត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ អ្នកយកព័ត៌មានយើងធ្វើសេចក្ដីរាយការណ៍បន្ថែម៖………….. លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មន្ទីរកសិកម្មបានខិតខំបណ្ដុះ បណ្ដាលពីរបៀបធ្វើទំនើបវប្បកម្មការចិញ្ចឹមត្រីអណ្ដែងនៅក្នុងតង់ផ្លាស្ទិចនិងតាមស្រះ ជូនបងប្អូនប្រជាកសិករឱ្យចេះពីរបៀបនៃការចិញ្ចឹម ការថែទាំត្រី ដើម្បីធ្វើយ៉ាងណាឱ្យត្រីមានលក្ខណៈធំធាត់ល្អ ធានាបាននូវការផ្គត់ផ្គង់ទីផ្សារ ។
លោកប្រធានមន្ទីកសិកម្មខេត្តបានឱ្យដឹងទៀតថា ខាងមន្ទីរ ក៏មានចងក្រងជាបណ្ដុំត្រី និងមានកិច្ចសន្យាក្នុងការផ្គត់ផ្គង់ជាមួយទីផ្សារក្នុងស្រុកមួយចំនួនផងដែរ ដែលអាចជួយកែប្រែជីវភាពរបស់ប្រជាសហគមន៍ក្នុងខេត្តមណ្ឌលគិរីកាន់តែប្រសើរឡើង តាមរយៈការទទួលបានចំណេះដឹងកសិកម្មថ្មីៗពីមន្រ្តីជំនាញ ដែលធ្វើឱ្យការចិញ្ចឹមទទួលបានផលច្រើន និងហើយចំណាយដើមទុនតិច។
សំឡេង៖ « ជារួមការធ្វើទំនើបវប្បកម្មការចិញ្ចឹមត្រីអណ្ដែងនៅក្នុងតង់ផ្លាស្ទិចនិងតាមស្រះ មន្ទីរបានអនុវត្តជួយជំរុញកសិករពីបណ្ដុំទី១ នៅស្រុកកែវសីមា ទី២ នៅស្រុកកោះញែក ដែលមានសក្តានុពលក្នុងការចិញ្ចឹមត្រី។ ទន្ទឹមនឹងនេះ យើងក៏បានជួយកសិករចំនួន២ គ្រួសារដែរក្នុងការបង្ហាត់បង្ហាញបណ្ដុះ បណ្ដាលគាត់ធ្វើយ៉ាងម៉េចឱ្យគាត់ចេះបង្កាត់ពូជត្រីអណ្ដែងដើម្បីធានាបានការផ្គត់ផ្គង់ពូជត្រីនៅក្នុងខេត្តតែម្ដងដែលអនាគតទៅយើងមិនបាច់នាំចូលពីខេត្តផ្សេងក្នុងការយកមកចិញ្ចឹម ព្រោះវាមិនត្រូវការចំណាយផ្លូវឆ្ងាយ»។ លោកប្រធានមន្ទីរ សង្ឃឹមថា ក្រោយពីមន្រ្តីជំនាញបានចុះផ្សព្វផ្សាយអំពីបច្ចេកទេស ការថែទាំ ការចិញ្ចឹមសត្វ និងការចិញ្ចឹមត្រី ប្រជាកសិករទាំងអស់ នឹងទទួលបាននូវចំណេះដឹង និងយកទៅអនុវត្តន៍ខិតខំពង្រីកការចិញ្ចឹមបន្ថែមទៀត ដើម្បីទទួលបានចំណូលសម្រាប់ផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងកាត់ បន្ថយភាពក្រីក្រផងដែរ៕