ខេត្តកណ្តាល៖រសៀលថ្ងៃ១១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុធសករាជ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានប្រកាសឱ្យដឹងថា សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលទាំងអស់ នឹងទៅទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៤ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល ឱ្យមកទទួលវ៉ាក់សាំងដូសជំរុញទី៤ ឱ្យបានគ្រប់ៗគ្នា សំដៅការពារខ្លួនឱ្យកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍។
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានប្រកាសដូច្នេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៣២ អាណត្តិទី៣ ដោយបានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត បានស្នើដល់មន្រ្ដីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ ត្រូវសហការគ្នាដើម្បីបន្ដផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋទាំងអស់ មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬទី៤ ដែលជាដូសជំរុញ នៅតាមទីតាំងដែលនៅជិតមូលដ្ឋានខ្លួន ។ ត្រូវបន្តអនុវត្តតាមវិធានការការពាររបស់សម្តេចតេជោ គឺ៣កុំ និង ៣ការពារ ដើម្បីការពារខ្លួនកាន់តែប្រសើរពីជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩បំប្លែងថ្មី ប្រភេទអូមីក្រុង ដែលវីរុសនេះវាឆ្លងលឿនជាងវីរុសប្រភេទដែលតា(Delta) គួរឱ្យព្រួយបារម្ភ។
ក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗចំនួន ៨ ដែលរបៀបវារៈ
ទី១-ពិនិត្យ ពិភាក្សា និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។
ទី២-ពិនិត្យ ពិភាក្សា និងអនុម័តលើរបាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការអនុវត្តការងារ និងទិសដៅអនុវត្តបន្តរបស់រដ្ឋបាលខេត្ត។
ទី៣-ពិនិត្យ ពិភាក្សា និងអនុម័ត លើកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខេត្ត។
ទី៤-ពិនិត្យ ពិភាក្សា និងអនុម័តលើគម្រោងអាទិភាពរដ្ឋបាលខេត្ត ឆ្នាំ២០២២។
ទី៥-ពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២២ របស់គណៈកម្មាធិការ ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត។
ទី៦-ពិនិត្យ ពិភាក្សា និងអនុម័ត លើតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តដែលបានមកពីការផ្តល់សេវារដ្ឋបាលដើម្បីឧបត្ថម្ភជូនមន្ត្រីរដ្ឋបាលខេត្តសម្រាប់ខែមករា ឆ្នាំ២០២២។
ទី៧-កំណត់កាលបរិច្ឆេទសម្រាប់កិច្ចប្រជុំសាមញ្ញលើកទី៣៣ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ០៨ : ០០នាទីព្រឹក។
ទី៨-ផ្សព្វផ្សាយអនុក្រឹត្យលេខ ២៥២អនក្រ.បក ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និង ការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ៕