មានពលរដ្ឋក្នុងខេត្តរតនគិរី ជាង៣ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។
សូមរម្លឹកថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋទូទៅ ឱ្យបានគ្រប់ៗគ្នា រដ្ឋបាលខេត្តរតនគិរីបានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងមន្ទីរសុខាភិបាល ត្រូវសម្របសម្រួល និងជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួន អញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ នៅតាមមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។
រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះលទ្ធភាព ឬ ជួយមធ្យោបាយធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។មន្ទីរសុខាភិបាល ត្រូវណែនាំដល់គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ កំណត់មន្រ្តីពេទ្យ និងសម្ភារបរិក្ខារឱ្យបានគ្រប់គ្រាន់ និងកំណត់ពេលវេលាជាក់លាក់ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មកទទួលសេវាបានទាន់ពេលវេលា។
មន្ទីរសុខាភិបាល ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសជំរុញ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយត្រូវប្រកាន់ខ្ជាប់ការចូលរួមអនុវត្តនូវ វិធានការសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ហើយគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋសរុប ចំនួន៣១,៧០៨នាក់ បានមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ៕