ក្រសួងសុខាភិបាលរបស់ប្រទេសហ្វីលីពីនបានរាយការណ៍កាលពីថ្ងៃទី១៥ ខែមករាថា វីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលនៅក្នុងសហគមន៍ក្នុងទីក្រុងម៉ានីល ស្របពេលដែលមានការកើនឡើងនូវកំណត់ត្រានៃករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលបីថ្ងៃជាប់ៗគ្នា។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ អនុរដ្ឋមន្រ្តីសុខាភិបាលហ្វីលីពីន លោកស្រី Maria Rosario Vergeire បានព្រមានថា ចំនួនករណីឆ្លងថ្មីអាចនឹងកើនឡើងដល់កម្រិតកំពូលចាប់ពីចុងខែមករាដល់ពាក់កណ្តាលខែកុម្ភៈ។
យោងតាមក្រសួងនេះបានឱ្យដឹងថា ប្រទេសហ្វីលីពីនបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៣៩ ០០៤នាក់កាលពីថ្ងៃទី១៥ ខែមករា ហើយអ្នកជំងឺចំនួន ២៨០ ៨១៣នាក់កំពុងស្ថិតក្រោមការព្យាបាល។
ឥឡូវនេះ ប្រទេសហ្វីលីពីនជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាក់ទងនឹងករណីឆ្លង និងករណីស្លាប់ដោយសារជំងឺកូវីដ-១៩ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ីដែលមានចំនួនអ្នកឆ្លងជាង ៣,១៦លាននាក់ និងមានអ្នកស្លាប់ប្រហែល ៥៣ ០០០នាក់៕