ឯកឧត្ដម Dato Lim Jook Hoi អគ្គលេខាធិការអាស៊ានបានគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការបង្កើតយន្តការអាស៊ានត្រយកា (Troika) ដែលរួមមានសមាសភាពប្រធានអាស៊ានកាលពីឆ្នាំកន្លងមកគឺប្រទេសព្រុយណេ ប្រធានអាស៊ានបច្ចុប្បន្នកម្ពុជា និងអនាគតប្រធានអាស៊ានបន្ទាប់ពីកម្ពុជា គឺប្រទេសឥណ្ឌូណេស៊ី រួមជាមួយអគ្គលេខាធិការអាស៊ាន ដើម្បីតាមដានការអនុវត្តបទឈប់បាញ់នៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស វាយតម្លៃវឌ្ឍនភានៃគោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន ដែលឯកភាពគ្នាកាលពីខែ មេសា ឆ្នាំ២០២១កន្លងមក។ ឯកឧត្ដម កៅ គឺមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្ដម Dato Lim Jook Hoi អគ្គលេខាធិការអាស៊ាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព។
នៅក្នុងជំនួបនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះវត្តមានឯកឧត្តមអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការរង ដែលឯកឧត្តមនឹងអញ្ជើញចូលរួមនៅក្នុងវេទិកាទេសចរណ៍អាស៊ានផង និងមានជំនួបជាមួយសហគមន៍បីផ្សេងទៀតនៃសសរស្ដម្ភរបស់អាស៊ាន ដូចជា សហគមន៍នយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ នៅក្នុងប្រទេសកម្ពុជា។
សម្ដេចតេជោបានគួសបញ្ជាក់ អំពីការងារសំខាន់ៗក៏ដូចជាបញ្ហាប្រឈមមួយចំនួន ដែលអាស៊ានកំពុងតែមាននាពេលនេះ ដែលការប្រឈមមួយចំនួនទាមទារនូវការខិតខំ ដើម្បីជំរុញការងារទាំងអស់នោះ ជាពិសេសក្នុងការតភ្ជាប់អាស៊ាន ដែលកន្លងមកមានការរំខានដោយសារវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ កន្លងទៅនេះ។ បញ្ហានេះ គឺប្រទេសសមាជិកអាស៊ាននីមួយៗមានវិធានការដោះស្រាយជាបន្តបន្ទាប់ ពាក់ព័ន្ធទៅនឹងការឆ្លើយតបនឹងការរាតត្បាតនៃ ជំងឺកូវីដ-១៩នេះ។
សម្ដេចតេជោបានមានប្រសាសន៍បន្តថា យើងត្រូវខិខំធ្វើយ៉ាងណាជំរុញរៀបចំការអនុវត្តដោះស្រាយបញ្ហា របាំងទេសចរណ៍អាស៊ាន ដែលអាចឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសអាស៊ាននេះអាចធ្វើដំណើរទៅវិញទៅមកក្នុងតំបន់អាស៊ាន ក៏ដូចជា ធុរកិច្ច ពាណិជ្ជកម្មនៅក្នុងអាស៊ាននេះផងដែរ ដោយសារនៅដើមឆ្នាំ ក្នុងខែមករានេះ កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរបស់ដៃគូក្នុងតំបន់ត្រូវបានចូលជាធរមាន ដូច្នេះត្រូវខិតខំជំរុញការងារនេះ។
សម្ដេចតេជោក៏បានលើកឡើងអំពីស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលមានការធូរស្រាល ថ្វីត្បិតតែមានការប្រឈមពីមេរោគបំប្លែងខ្លួនថ្មីអូមីក្រុងក៏ដោយ តែកម្ពុជាបានខិតខំទប់ស្កាត់ជាបន្តបន្ទាប់។
នៅក្នុងជំនួបនេះដែរសម្ដេចតេជោក៏បានគូសបញ្ជាក់ ពាក់ព័ន្ធទៅនឹងស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេសទាក់ទងទៅនឹងដំណើរបំពេញទស្សនកិច្ចរបស់សម្ដេចទៅមីយ៉ាម៉ាក្នុងពេលថ្មីៗកន្លងទៅនេះ ដែលមានគោលបំណង គឺចង់ជួយដល់ប្រទេស មីយ៉ាន់ម៉ា ដែលកំពុងស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនោះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីគោលបំណង ៣ សំខាន់ៗ ទៅកាន់មីយ៉ាន់ម៉ា ទី១. ធ្វើយ៉ាងណាដើម្បីឱ្យមានបទឈប់បាញ់ និងបញ្ឈប់អំពើហិង្សា ទី២.ផ្ដល់ជំនួយដល់ប្រជាជនមីយ៉ាម៉ាដែលត្រូវការចាំបាច់ និងទី៣.បើកច្រកទ្វារនៃការចរចារកដំណោះស្រាយ ពិសេសសម្រាប់ការងារប្រេសិតពិសេសអាស៊ាននេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពី គំនិតផ្ដួចផ្ដើមរបស់សម្ដេចក្នុងការជំរុញការងារទៅមុខទៀត ជាពិសេសក្នុងការបង្កើនយន្តការជួយដល់មីយ៉ាម៉ា។ ចំពោះយន្តការនោះត្រូវតែមានប្រធានអាស៊ានបច្ចុប្បន្ន ប្រធានអាស៊ានកាលពីឆ្នាំមុន និងប្រធានអាស៊ានដែលនឹងចូលកាន់ក្រោយកម្ពុជា និងអគ្គលេខាធិការអាស៊ានផងដែរ ដើម្បីធ្វើការជាមួយគ្នាធ្វើយ៉ាងណាក្នុងការជំរុញ តាមដានស្ថានការណ៍នៅមីយ៉ាន់ម៉ា។ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង សម្ដេចតេជោបានលើកឡើងថា ដោយសារឆ្នាំនេះ គឺជាខួបលើកទី២០ នៃDOC ហើយទោះបីជាជួបបញ្ហាក៏ដោយ ក៏យើងមិនត្រូវភ្លេចពីការងារនេះនោះទេ ត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចា។
សម្ដេចតេជោក៏បានអរគុណចំពោះអគ្គលេខាធិការអាស៊ាន និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានឯកភាពគ្នាក្នុងការរៀបចំឱ្យមានការប្រារព្ធខួបលើកទី២០នៃDOC។ សម្ដេចតេជោក៏បានស្នើឱ្យអគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចាឱ្យបានដំណើរការទៅមុខ។ សម្ដេចតេជោក៏បានមានប្រសាសន៍ទាក់ទងទៅនឹងបញ្ហាឥណ្ឌូប៉ាស៊ីហ្វិក ដោយសម្ដេចបានស្នើធ្វើយ៉ាងណាឱ្យអគ្គលេខាធិការអាស៊ាន ក៏ដូចជាឥណ្ឌូណេស៊ីជួយជំរុញក្នុងការរៀបចំផែនការសកម្មភាព អនុវត្តន៍អ្វីដែលជាទស្សនទានរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសធ្វើយ៉ាងណាគាំទ្រដល់មជ្ឈភាពអាស៊ាន ក៏ដូចជាទស្សនៈវិស័យរបស់អាស៊ានស្ដីអំពីឥណ្ឌូប៉ាស៊ីហ្វិកផងដែរ។
សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើង អំពីសមាជិកភាពរបស់ទីម័រឡេស្តេចូលជាសមាជិកអាស៊ាន ដោយសម្ដេចបានគូសបញ្ជាក់ថា យើងបានធ្វើការងារនេះ១១ឆ្នាំហើយ ដូច្នេះសម្ដេចបានស្នើឱ្យឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួយជំរុញគាំទ្រដល់ការងារនេះ ឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកអាស៊ាននាពេលខាងមុខនេះ។ ទន្ទឹមនេះ សម្ដេចតេជោបានលើកឡើងអំពីផែនការដែលកម្ពុជា ជាប្រធានអាស៊ាននៅឆ្នាំនេះ គឺមានផែនការរៀបចំកិច្ចសន្ទនាអាស៊ានពិភពលោក ដែលកាលពីឆ្នាំ២០១២ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី២ គឺបានរៀបចំមួយលើក ហើយឆ្នាំនេះស្នើឱ្យអគ្គលេខាធិការអាស៊ានគាំទ្រជួយដល់ការរៀបចំកិច្ចប្រជុំនេះ ក្នុងការអញ្ជើញតួអង្គសំខាន់ៗក្នុងការចូលរួមក្នុងកិច្ចប្រជុំ ជាពិសេសប្រធានបទជុំវិញនឹងការស្ដារក្រោយវិបត្តិកូវីដ-១៩។
ជាការឆ្លើយតប ឯកឧត្ដម Dato Lim Jook Hoi អគ្គលេខាធិការអាស៊ាន បានអរគុណចំពោះអនុសាសន៍ និងការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី សម្រាប់ការងាររបស់អាស៊ាននាឆ្នាំ២០២២នេះ។ ឯកឧត្តមសន្យាថា នឹងធ្វើការជាមួយ ប្រធានអាស៊ានឆ្នាំនេះ ក៏ដូចជាវិស័យផ្សេងទៀតដែលកម្ពុជាដឹកនាំរួមទាំងបញ្ហាដោះស្រាយកូវីដ-១៩ ។ ឯកឧត្តមបានគូសបញ្ជាក់ដែរថា យើងនឹងអនុវត្តន៍នូវផែនការសកម្មភាព ជាពិសេសច្រក ក៏ដូចជារបាំងនៃការធ្វើដំណើររបស់អាស៊ាននេះ។ នាពេលខាងមុខនេះ យើងគ្រោងនឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលក្នុងអាស៊ាននេះ ដើម្បីធ្វើយ៉ាងណា ជំរុញការងារពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
ឯកឧត្តមអគ្គលេខាធិការអាស៊ានបានបន្ថែមថា នឹងជំរុញកំណើនសេដ្ឋកិច្ចអាស៊ាន ដែលនឹងត្រូវធ្វើការជាមួយសមាជិកអាស៊ានផ្សេងៗទៀត។ ទាក់ទងទៅនឹងខួប DOC ឯកឧត្តម Dato Lim Jook Hoi ថ្លែងថា នឹងខិតខំជំរុញការងារនេះ ជាពិសេសអាចផ្ដល់កន្លែងទីតាំងអគ្គលេខាធិការក្នុងការរៀបចំកិច្ចប្រជុំទាំងឡាយដើម្បីធ្វើយ៉ាងណាឱ្យមានវឌ្ឍនភាពនៃការចរចាទៅលើ COC ។ ទាក់ទងទៅនឹងទស្សនៈទានឥណ្ឌូប៉ាស៊ីហ្វិក ឯកឧត្តមបានគូសបញ្ជាក់ឱ្យដឹងថា ឯកឧត្តមនឹងធ្វើការងារនេះជាមួយប្រធានអាស៊ាន និងប្រទេសឥណ្ឌូណេស៊ី ដែលមានគំនិតផ្ដួចផ្ដើម ធ្វើយ៉ាងណាដើម្បីដាក់ចេញផែនការសកម្មភាព ហើយឱ្យអាស៊ានដើរតួឈានមុខ នៅលើការងារនេះ ។ ទាក់ទងទៅនឹងគំនិតផ្ដួចផ្ដើមកម្ពុជារៀបចំកិច្ចប្រជុំធំ នៅមុនកិច្ចប្រជុំអាស៊ាន ដែលហៅថាកិច្ចសន្ទនាពិភពលោកនេះ ឯកឧត្តមបានមានប្រសាសន៍ថា នេះជាគំនិតល្អ ហើយឯកឧត្តមសន្យាថានឹងបន្តធ្វើការងារជាមួយនឹងអាស៊ាន ក៏ដូចជាវិស័យផ្សេងៗដែលពាក់ព័ន្ធ ដើម្បីជំរុញការងារនៃកិច្ចប្រជុំនោះផងដែរ។
ទាក់ទងទៅនឹងស្ថានភាពនៅមីយ៉ាន់ម៉ាឯកឧត្តមក៏បានគាំទ្រនូវគំនិតផ្ដួចផ្ដើមរបស់កម្ពុជា ជាពិសេសគោលបំណងរបស់កម្ពុជា ដែលបានអនុវត្តន៍ស្របទៅចំណុចទាំង៥ នោះ។ ចំពោះសមាជិកភាពរបស់ប្រទេសទីម័រឡេស្តេ អគ្គលេខាធិការអាស៊ាននឹងបន្តផ្ដល់ការគាំទ្រជាពិសេស ផ្ដល់ការបណ្ដុះបណ្ដាលសមាសភាព ដល់មន្ត្រីនៃប្រទេសទីម័រឡេស្តេនេះ ហើយអ្វីដែលឯកឧត្តមចង់ឃើញគឺ វឌ្ឍនភាពនៃការត្រៀមចូលជាសមាជិកថ្មីរបស់ទីម័រឡេស្តេក្នុងសមាជិកអាស៊ាននេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ាន ជំរុញក្នុងការរៀបចំកិច្ចប្រជុំពេញអង្គ ដើម្បីធ្វើសកម្មភាពមនុស្សធម៌ជួយដល់មីយ៉ាន់ម៉ា ដែលកន្លងមកប្រទេសជប៉ុនក៏បានគាំទ្រចំពោះគំនិតបង្កើតកិច្ចប្រជុំដើម្បីសកម្មភាពមនុស្សធម៌ជួយដល់ប្រទេសមីយ៉ាន់ម៉ានេះផងដែរ។ គួរបញ្ជាក់ដែថា ក្នុងអំឡុងទស្សកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៥ ដល់ទី១៩ ខែមករាឆ្នាំ២០២២ ឯកឧត្ដម Dato Lim Jook Hoi អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាជាមួយ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ហើយក៏រំពឹងថានឹងមានជំនួបដោយឡែកពីគ្នាជាមួយ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
- ឯកឧត្ដម Dato Lim Jook Hoi អគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ ជាងនេះទៀត ទស្សនកិច្ចរបស់ឯកឧត្ដម Dato Lim Jook Hoi មកព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន នឹងស្វែងរកមធ្យោបាយនានាដើម្បីពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលរវាងលេខាធិការដ្ឋានអាស៊ាន និងក្រសួងពាក់ព័ន្ធនានារបស់កម្ពុជា ដែលស្ថិតនៅក្រោមសសរស្ដម្ភទាំងបីរបស់សហគមន៍អាស៊ាន រួមមាន សហគមន៍នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ ដើម្បីធានាសម្រេចបាននូវសមិទ្ធផលល្អប្រសើរសម្រាប់គ្រួសារអាស៊ានដែលកាន់តែរឹងមាំ និងស្អិតរមួតខ្លាំងឡើងថែមទៀត៕