ប្រជាកសិករខេត្តបន្ទាយមានជ័យ ងាកមកដាំបន្លែសរីរាង្គវិញ បន្ទាប់ពីមានការគាំទ្រច្រើនពីអ្នកបរិភោគ ធ្វើឱ្យទីផ្សាររបស់ពួកគាត់មានភាពទាក់ទាញ ប្រមូលផលបានមិនគិតពីកង្វះទីផ្សារ ។
លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ប្រជាកសិករខេត្តបន្ទាយមាន ជ័យ បានងាកមកដាំបន្លែសរីរាង្គ បន្ទាប់ពីមានការគាំទ្រច្រើនពីអ្នកបរិភោគ ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងបំពេញតម្រូវការទីផ្សារឱ្យបានគ្រប់គ្រាន់ ។ លោកបានបន្តថា ដើម្បីមានភាពងាយស្រួលទាំងអ្នកផលិត និងអ្នកទិញ មន្ទីរកសិកម្មក៏បានចងក្រងជាបណ្តុំប្រជាកសិករ បានជាង ៨០០គ្រួសារ ក្នុងការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ ធន់និងបម្រែបម្រួលអាកាស ធាតុ មិនពិបាកថែទាំ ហើយចំណាយពេលវេលាតិច ទទួលបានទិន្នផលខ្ពស់ ពិសេសគ្មានសារធាតុគីមី ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោកបានបន្តទៀតថា ការដាំបន្លែសរីរាង្គនេះ គឺប្រជាកសិ ករដាំក្នុងរោង ដែលមានទំហំ ១០ម៉េត្រគុណ២០ម៉ែត្រ ហើយក្នុង១រោងៗ អាចទទួលបានផលពី១តោនទៅ២តោន ហើយបន្លែសុវត្ថិភាពទាំងអស់នោះរួមមាន៖ ស្ពៃក្រញាញ់ ស្ពៃក្តោប ប៉េងប៉ោះ ត្រប់ ផ្កាខាត់ណា ការ៉ុត ខ្ទឹមបារាំងនិងខ្ទឹមសជាដើម ដែលបន្លែនីមួយៗមានតម្លៃជាង ១០០០ រៀលទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។
ការដាំបន្លែសរីរាង្គ គឺមានការរីកលូតលាស់ច្រើន ដែលមានតាមរយ:គម្រោង ផ្សេងៗ មានកម្មវិធីផ្សេងៗយើងបានសង់ផ្ទះសំណាញ់ជូនប្រជាពលរដ្ឋ គាត់ដាំក្នុងផ្ទះសំណាញ់ អ៊ីចឹងផលដំណាំនៅក្នុងផ្ទះសំណាញ់វាល្អ ហើយវាមានសុវត្ថិភាព អ៊ីចឹងគាត់អាចដាំបានពេញមួយឆ្នាំ ឃើញថាបន្លែគឺវាកំពុងតែរីកផុសផុលហើយក្នុងខេត្តបន្ទាយមានជ័យ នឹងមិនមានបញ្ហាអ្វីទេ។
សូមបញ្ជាក់ថា នៅក្នុងខេត្តបន្ទាយមានជ័យ មានក្រុមកសិករបណ្ដុំដាំដុះបន្លែសុវត្ថិភាពជាង២៥បណ្ដុំសហគមន៍ ហើយក្នុងមួយបណ្ដុំមានសមាជិកពី ២០ គ្រួសារទៅ៣០គ្រួសារ៕