បាត់ដំបង៖ ឯកឧត្តម សុខ លូអភិបាលខេត្តបាត់ដំបង បានបន្តអំពាវនាវដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ត្រូវទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបង្កើនការប្រុងប្រយ័ត្នចំពោះមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមត្តេយ្យសិក្សា ក្នុងបរិវេណសាលាបឋមសិក្សាវត្តគរ ស្ថិតក្នុងក្រុងបាត់ដំបង នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តម សុខ លូ បានបន្តអំពាវនាវដល់អ្នកដែលមិនទាន់បានចាក់វ៉ាក់់សាំងត្រូវរួសរាន់ទៅចាក់ឱ្យបានគ្រប់ៗគ្នាដើម្បីការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ ជាពិសេសប្រភេទអូមីក្រុង ខណៈមេរោគប្រភេទថ្មីនេះមានការឆ្លងរីករាលដាលលឿន និងរហ័សខ្លាំង។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានពន្យល់ដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការចាក់វ៉ាក់សាំង ដោយវ៉ាក់សាំងមិនបង្កផលប៉ះពាល់អ្វីឡើយ ផ្ទុយមកវិញវ៉ាក់សាំងបានជួយសង្រ្គោះជីវិតយើងពីជំងឺកូវីដ១៩ ទោះបីជាឆ្លងក៏មិនធ្វើឱ្យស្ថានភាពជំងឺនោះធ្ងន់ធ្ងរដែរ។
អាជ្ញាធរខេត្តបាត់ដំបង បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងដូសទី៣ជូនប្រជាពលរដ្ឋទូទៅចាប់ពីអាយុ១៨ឆ្នាំឡើងទៅនៅទូទាំងខេត្ត ខណៈកុមារ និងយុវវ័យចាប់ពីអាយុ១២ដល់ក្រោម១៨ឆ្នាំនឹងត្រូវចាក់ចាប់ពីថ្ងៃ១៨ខែមករាស្អែកតទៅ៕