អាជ្ញាធរថៃបានប្រកាសកាលពីថ្ងៃទី១៦ ខែមករាថា ប្រទេសថៃបានកត់ត្រានូវករណីស្លាប់ដំបូងដោយសារវីរុសបម្លែងថ្មីអូមីក្រុងនៃជំងឺកូវីដ-១៩។
អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បាននិយាយថា អ្នកស្លាប់នោះ គឺជាស្ត្រីអាយុ ៨៦ឆ្នាំ មកពីខេត្តសុងក្លានៅភាគខាងត្បូង។
ប្រទេសថៃបានរកឃើញករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាលើកដំបូងរបស់ខ្លួនកាលពីខែមុន ដែលនាំទៅដល់ការដាក់ចេញឡើងវិញនូវការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវបរទេស។
អ្នកនាំពាក្យរូបនេះបាននិយាយថា រហូតមកដល់ពេលនេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសបម្លែងថ្មីអូមីក្រុងជាង ១០ ០០០នាក់ហើយ។
ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីក្នុងឆ្នាំ២០២០ មក ប្រទេសថៃបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ជាង ២,៤លាននាក់ ដោយមានអ្នកស្លាប់ប្រមាណជិត ២២ ០០០នាក់។ កាលពីថ្ងៃទី១៦ ខែមករា ប្រទេសនេះបានកត់ត្រានូវករណីឆ្លងថ្មីចំនួន ៨ ០៧៧នាក់ និងករណីស្លាប់ថ្មីចំនួន ៩នាក់។
ប្រមាណ ៦៦ភាគរយនៃប្រជាជនប្រមាណ ៧២លាននាក់ដែលរស់នៅក្នុងប្រទេសថៃបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ហើយប្រមាណជិត ១៥ភាគរយបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕