ខេត្តតាកែវ៖ លោក នី ជាមន្ត្រីប៉ូលិសម្នាក់កំពុងបើកសង្វៀនជល់មាន់ និងអាប៉ោងដ៏ធំមួយកន្លែងស្ថិតនៅ ភូមិដកម៉ៃ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ កំពុងតែបើកដំណេីរការលេងយ៉ាងគក្រឹកគក្រេង មិនឃើញមានអាជ្ញាធរមូលដ្ឋានណាចុះណែនាំ និងបង្ក្រាបនោះឡើយ។
បេីទោះបីជាអ្នកសារព័ត៌មានខលទូរសព្ទ័រាយការណ៍យ៉ាងណាក្តី លោក វរៈសេនីយ៍ឯក ឃុត ភិន អធិការស្រុកទ្រាំង ក៏នៅតែមិនចុះបង្រ្កាប មិនដឹងថា មានខ្នងអាងខ្សែធំខាងណានោះទេ។
យោងតាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋបានឲ្យដឹងថាម្ចាស់ សង្វៀនជល់មាន់ មានឈ្មោះ នី ជាមន្រ្តីប៉ូលីស បើកឲ្យ លេងទីលានប្រជល់មាន់ដោយមានក្រុមញៀនល្បែងសម្រុកចូលលេងពពាក់ពពួនគ្នា ដូចទឹកបាក់ទំនប់អញ្ជឹង។
ដោយភាគច្រើនមិនមានពាក់ម៉ាសការពារជំងឺឆ្លងកូវីដ ១៩ក៏ដូចជាមេរោគបម្លែងថ្មីអូមីក្រុង នោះឡើយ ខណៈជំងឺនេះ នូវមិនទាន់សាបរលាប រីឯជំងឺឆ្លងប្រភេទថ្មីក៏កំពុងតែកើតមានឡើងដ៏គួរឲ្យព្រួយបារម្មពីថ្នាក់ដឹកនាំផងដែរនោះ។
ប្រភពពីប្រជាពលរដ្ឋខាងលេីបានឲ្យដឹងថា ម្ចាស់ទីតាំង រូបនេះទំនងមានខ្នងបង្អែកដ៏រឹងមាំនៅពីក្រោយ ហើយមើលទៅ បានជាហ៊ានផ្គើន ជាមួយរាជរដ្ឋាភិបាល បើកឲ្យលេងល្បែង ដោយមិនខ្វល់ ពីចំណាត់ការ ឬការរំខាន ដល់អ្នកជិតខាងហើយម្យ៉ាងវិញទៀត បង្កសម្លេងសប្បាយស្រែកទ្បូ ទ្បា ហូកញ្ជ្រៀវកងររំពងក្នុងមូលដ្ឋាន។
ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋបានសម្ដែងការព្រួយបារម្ភ និងការភ័យខ្លាច កើតមានបទល្មើសផ្សេងៗដូចជា អំពើចោរកម្ម អំពើ ហិង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ព្រោះមានពលរដ្ឋខ្លះចាញ់ល្បែង លក់អស់ទ្រព្យសម្បត្តិដីធ្លី និងជំពាក់បំណុលគេ ជុំទិសបង្កជាបញ្ហាអសន្តិសុខសង្គម៕