ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីនឹងបញ្ចប់រាល់បញ្ហាទាំងអស់ទាក់ទងនឹងអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការជ្រើសរើស និងការរកការងារឱ្យធ្វើសម្រាប់ពលករធ្វើការងារតាមផ្ទះ ក្នុងអំឡុងពេលនៃដំណើរបំពេញទស្សនកិច្ចការងាររបស់រដ្ឋមន្ត្រីក្រសួងធនធានមនុស្សម៉ាឡេស៊ី លោក M. Saravanan ទៅកាន់ទីក្រុងហ្សាការតានៅថ្ងៃទី២៤ ខែមករាខាងមុខនេះ។
រដ្ឋមន្ត្រីម៉ាឡេស៊ីរូបនោះគ្រោងនឹងជួបប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងហត្ថពលិករបស់ប្រទេសឥណ្ឌូណេស៊ី លោកស្រី Ida Fauziyah ដើម្បីបញ្ចប់ព័ត៌មានលម្អិតឆ្ពោះទៅការចុះហត្ថលេខាលើ MoU នោះនៅថ្ងៃទី៧ ឬថ្ងៃទី៨ ខែកុម្ភៈ នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ី។
លោក Saravanan បាននិយាយនៅពេលមុននេះថា កិច្ចការនេះគឺស្របទៅនឹងសេចក្តីសម្រេចដែលបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១២ ខែមករា សម្រាប់ដំណើរទស្សនកិច្ចមួយដែលត្រូវបានធ្វើឡើងដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការចុះហត្ថលេខាលើ MoU នោះ។
បញ្ហាសំខាន់ៗទាក់ទងនឹង MoU ទាំងនោះត្រូវបានព្រមព្រៀងគ្នាតាមរយៈកិច្ចចរចាជាបន្តបន្ទាប់រវាងភាគីទាំងពីរ។ លោកបាននិយាយបន្តទៀតថា បញ្ហាទាំងនោះរួមមាន ការងារមួយសម្រាប់អ្នកធ្វើការងារតាមផ្ទះម្នាក់សម្រាប់គ្រួសារមួយ ប្រព័ន្ធបណ្តាញតែមួយ ក៏ដូចជាប្រាក់ឈ្នួលសម្រាប់ពលករធ្វើការងារតាមផ្ទះរបស់ឥណ្ឌូណេស៊ីផងដែរ។
លោក Saravanan បានកត់សម្គាល់ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Hamzah Zainudin ដែលនឹងទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូណេស៊ីក្នុងអំឡុងពេលដូចគ្នានោះ នឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ។
ចំនួនពលករចំណាកស្រុកឥណ្ឌូណេស៊ីនៅក្នុងប្រទេសម៉ាឡេស៊ីបានកើនឡើងដល់ជាង ៣៦៤ ៥៦០នាក់ គិតត្រឹមខែតុលា ឆ្នាំ២០២១។
នៅក្នុងសន្និសីទសារព័ត៌មានរួមមួយនៅទីក្រុងហ្សាការតាកាលពីខែវិច្ឆិកាឆ្នាំមុន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Ismail Sabri Yaakob បានសម្តែងការប្តេជ្ញាចិត្តក្នុងការពន្លឿនការចុះហត្ថលេខាលើ MoU នោះ៕