ខេត្តកណ្តាល៖កាលពីថ្ងៃ ព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២
ឯកឧត្តម គង់ សោភណ្ឌ័អភិបាលខេត្តកណ្តាលស្នើដល់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកទាំង ១១ ត្រូវបន្តខិតខំបញ្ចេញ ស្នាដៃរបស់ខ្លួនលើការងារបរិស្ថាន ការងារគ្រប់គ្រងសំរាម និងកាកសំណល់រឹងឱ្យមានប្រសិទ្ធភាពបន្ថែមទៀត សំដៅធ្វើឱ្យខេត្តទាំងមូលមានសោភ័ណភាពនិង បរិស្ថានល្អ។
ថ្លែងក្នុងកិច្ចប្រជុំពិនិត្យ ពិភាក្សា អំពីគម្រោងរៀបចំបរិស្ថាន និងការអភិវឌ្ឍក្នុងភូមិសាស្រ្តខេត្តកណ្តាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការគ្រប់ គ្រងសំរាម សំណល់រឹង គឺជាកិច្ចការសំខាន់បន្ទាន់សម្រាប់យើងទាំងអស់គ្នា ចូលរួមទទួលខុសត្រូវ ដូចពាក្យ ស្លោករបស់រាជរដ្ឋាភិបាលបានលើកឡើងថា “កម្ពុជាស្អាតផ្ដើមចេញពីយើងម្នាក់ៗ” ដូច្នេះអាជ្ញាធរពាក់ព័ន្ធទាំង អស់ ត្រូវរួមគ្នាយកចិត្តទុក ដាក់លើកិច្ចការ សំខាន់ៗមួយ ចំនួនដូចជា ការបើកយុទ្ធនា ការប្រមូលសំរាមនៅតាមដង ផ្លូវ និងក្នុងប្រភពទឹកសាធារណៈឱ្យអស់ ការកែលម្អទីលានចាក់សំរាម ការកំណត់ថ្លៃសេវាសំរាម ការអប់រំប្រជា ពលរដ្ឋលើការញែកនិងទុក ដាក់សំរាម ការពង្រឹងការ ទទួលខុសត្រូវរបស់ការិយាល័យជំនាញ ការចូល រួមរបស់វិស័យឯកជនក្នុងការគ្រប់គ្រងសំរាម និងការពង្រឹងលើការអនុវត្តការផាក ពិន័យ ទាក់ទងនឹងបទល្មើសនៃការចោលនិងដុតសំរាមជាដើម។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹក ចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្ត គោលការណ៍សកល៣អ៊ែ (3Rs)គឺ៖ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃ (Recycle) គឺជាគោលដៅអាទិភាពសម្រាប់កិច្ចគាំពារនូវការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម -បរិស្ថាន បរិយាប័ន្ន ក្នុងគោល ដៅលើកកម្ពស់សោភ័ណភាពទីប្រជុំជនខេត្ត-ក្រុង-ស្រុក ឱ្យមានផាសុខភាព និងសុខុមា លភាពប្រជាជនទូទៅ នៅក្នុងខេត្តកណ្តាលទាំងមូល។
សូមជម្រាបថា នៅក្នុងភូមិ សាស្ត្រខេត្តកណ្តាល មានប្រជាជនសរុបប្រមាណ ជិតមួយលានបីសែននាក់ គិតត្រឹមឆ្នាំ២០១៩ ហើយបើតាមការប៉ាន់ស្មាន ជាមួយនឹងចំនួនប្រជាពលរដ្ឋនេះ បរិមាណសំរាម សំណល់រឹង គឺមានជាមធ្យមប្រមាណ ៧៨០ តោនក្នុង១ថ្ងៃ ឬប្រមាណ ២៨.៥ ម៉ឺនតោនក្នុង១ឆ្នាំ៕