កសិករជោគជ័យមួយរូបរស់នៅក្នុងខេត្តព្រះវិហារ អាចរកប្រាក់ចំណូលបានប្រមាណ១០លានរៀល ពីការដាំដុះបន្លែ សរីរាង្គ ធ្វើឱ្យជីវភាពគ្រួសារល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោក ចន គឹមស្រស់ កសិកររស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា លោកចាប់ផ្តើមមុខរបរដាំដុះបន្លែចម្រុះរយៈពេលជាង១០មកហើយ ដោយបច្ចុប្បន្នលោកមានដាំដុះបន្លែសរីរាង្គវិលជុំជាច្រើនមុខ ដូចជា ស្ពៃក្តោប ស្លឹកខ្លឹម និងស្បៃក្រញាញ់ជាដើម នៅលើផ្ទៃដីប្រមាណ១ហិកតា។
លោកបន្តថា ក្នុងមួយខែ ប្រាក់ចំណូលទទួលបានមកពីការដាំដុះ ដំណាំបន្លែចម្រុះ បានប្រមាណ១០លានរៀល ដើម្បីយកមកផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបានឱ្យដឹងទៀតថា ដើមឡើយលោកមិនទាន់មានជំនាញបច្ចេកទេស ក្នុងការដាំដំណាំច្បាស់លាស់នោះទេ តែក្រោយមក ក៏ទទួលបាន ការបណ្តុះបណ្តាលជំនាញពីមន្ទីរកសិកម្មខេត្ត និងអង្គការដៃគូ រហូតបានចេះជំនាញដំាដុះបន្លែសរីរាង្គ និងការអនុវត្តន៍កសិកម្មបែបទំនើប ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា ចំណាយតិច តែទទួលបានទិន្នផលមកវិញខ្ពស់ និងចំណេញច្រើន។
លោកបន្ថែមថា៖«មានតែស្ពៃក្តោប ខ្លឹម ស្ពៃតិចតួច ដីសម្រាប់បង្វិលវាទៅមកហ្នឹងចូល១ហិកតាដែរ វិលជុំ ចំណូលមួយខែអាចរកបាន១០លានអី ដាំជិត២០ឆ្នាំ ទើបប៉ុន្មានឆ្នាំនេះ ដែលខាងក្រសួងគេចុះមកសហការជាមួយ បានចំណូលកាន់តែខ្ពស់ កាលពីមុនមកអត់មានបច្ចេកទេសទេ គ្រាន់តែប្រើបច្ចេកទេសខ្លួនឯងឥឡូវបានខាងគេជួយផ្តល់បច្ចេកទេសខ្លះៗកាន់តែល្អ ជំនាញចាស់យើងបាញ់ទឹកនិងដៃ ដល់បច្ចេកទេសថ្មីនេះ បានស្រោចស្រពនិងគល់ ហើយប្រើប្រព័ន្ធទឹកសាច ប្រព័ន្ធដំណក់ វាធូរជាងមុន ដាំបានច្រើនជាងមុន បន្លែសរីរាង្គកាលពីមុនយើងប្រើគីមី បច្ចេកទេសខ្លួនឯង ដល់ឥឡូវបច្ចេកទេសគេជួយហ្នឹង វាប្រើសរីរាង្គបន្លែយើងស្រួលលក់»។
សូមជម្រាបផងដែរថា លោកចន គឹមស្រស់ ជាកសិករគំរូមួយរូប ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀនសូត្រជំនាញដាំដុះបន្លែ រហូតទទួលបាន ការផ្តល់សម្ភារៈកសិកម្មជាច្រើន ជាពិសេសថ្មីៗនេះ ទទួលបានរោងសំណាញ់មួយខ្នង ពីមន្ទីរកសិកម្មខេត្តព្រះវិហារ ដើម្បីយកទៅប្រកបការងារ កសិកម្មរបស់ខ្លួន ឱ្យទទួលបានទិន្នផលល្អ និងឈានទៅបំពេញតម្រូវការទីផ្សារបន្លែក្នុងស្រុក៕