ព្រះសីហនុ៖ ថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២២ខែមករា ឆ្នាំ២០២២
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា កាលពីថ្ងៃសុក្រ ៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធស.ស.យ.ក នៃខេត្តព្រះសីហនុ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ក្នុងពិធីសំណេះសំណាលក៏មានវត្តមាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានស.ស.យ.ក ខេត្ត សមាជិក សមាជិកា គណៈកម្មកាធិការ ស.ស.យ.ក. ខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពជុំវិញខេត្ត។
លោក ស៊្រុន ស៊្រន់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះសីហនុ បានរាយការណ៍ពីសកម្មភាពការងារដែលយុវជន ស.ស.យ.ក ខេត្តចូលរួមបំពេញបេសកកម្មជាមួយរដ្ឋបាលខេត្តក្នុងការងារសមុស្សធម៌ ការងារសង្គមនាពេលកន្លងមកក្នុងនាមជាគ្រួសារតែមួយ ពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ស.ស.យ.ក បានចូលរួមគ្រប់សកម្មភាពដូចជា ការចែកស្បៀងនៅតំបន់បិទខ្ទប់ ការសម្របសម្រួលយកសំណាក និងការចាក់វ៉ាក់សាំងជាដើម និងការងារមនុស្សធម៌នៅតាមមូលដ្ឋានជាច្រើនផ្សេងទៀតក្នុងខេត្តព្រះសីហនុ។
ឯកឧត្ដម គួច ចំរើន មានប្រសាសន៍ស្វាគមន៍ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក ក្រុង ស្រុកបានខិរខំចូលរួមទាំងកម្លាំងកាយ ស្មារតីជាមួយរដ្ឋបាលខេត្ត ក៏ដូចជាអាជ្ញាធរមូលដ្ឋានក្នុងការងារមនុស្សធម៌ សកម្មភាពសង្គមយ៉ាងច្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋ ពិសេសអំឡុងពេលដែលខេត្តព្រះសីហនុ កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ -១៩ ស.ស.យ.ក បាបចុះជួយចែកស្បៀងសម្តេចតេជោ ក្នុងតំបន់បិទខ្ទប់ ដោយមិនខ្លាចឆ្លងជំងឺកូវីដ ការជួយសម្របសម្រួលសកម្មភាពយកសំណាក និងសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ជូនប្រជាពលរដ្ឋ និងកុមារនៅទូទាំងខេត្តព្រះសីហនុនាពេលកន្លងមក។
ឯកឧត្តម បានធ្វើការផ្តាំផ្ញើដល់យុវជន ស.ស.យ.ក ទាំងអស់ត្រូវបន្តសកម្មភាព ឯកភាពក្នុងស្មារតីទទួលខុសត្រូវ និងបន្តចូលរួមសកម្មភាពជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរក្រុង ស្រុក ខេត្តកាន់តែផុលផុសបន្តទៀត ក្នុងបុព្វហេតុជាតិមាតុភូមិរបស់យើង។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានធ្វើការកោតសរសើរ វាយតម្លៃខ្ពស់ចំពោះ ស.ស.យ.ក ខេត្តព្រះសីហនុ បានធ្វើសកម្មភាពយ៉ាងច្រើនស្របតាមស្មារតី ឆន្ទៈ មនសិកាដ៏អង់អាចក្លៀវក្លារបស់ខ្លួនក្នុងបរិបទថ្មី នៃសង្គមប្រជាធិបតេយ្យ សេរី ពហុបក្ស ។
ឯកឧត្តម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា ការខិតខំលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី ចូលរួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងការងារសង្គម សកម្មភាពការងារមនុស្សធម៌ ដើម្បីគាំទ្រដល់គោលនយោ បាយរបស់រាជរដ្ឋាភិបាលកម្ពុជា ខិតខំលើកស្ទួយកិត្យានុភាពជាតិ ក្នុងស្មារតី យោគយល់អធ្យាស្រ័យគ្នា រួមសាមគ្គីធ្វើសកម្មភាពយ៉ាងសស្រាក់សស្រាំស្របតាមគោលការណ៍ណែនាំ និងបទបញ្ជាផ្ទៃក្នុង និងលក្ខន្តិកៈរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ហើយបានចូលរួមសកម្មភាពសង្គមជាច្រើននាពេលកន្លងមក ដោយមានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋ និងមហាជននៅគ្រប់មជ្ឈដ្ឋានទូទាំងខេត្តព្រះសីហនុ ។
ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក បានបង្ហាញពីសុទិដ្ឋិនិយមចំពោះសមិទ្ធផលនានាដែលយើងបានកសាងនាពេលកន្លងមក និងទៅអនាគតដើម្បីភាពរីកចម្រើនលើគ្រប់វិស័យនៅក្នុងខេត្តព្រះសីហនុ ។
ឯកឧត្តមបញ្ជាក់បន្ថែមថា ទោះនៅកម្ពុជាប្រឈមនឹងជំងឺកូវីដ-១៩ ប៉ុន្តែទឹកចិត្ត ឆន្ទៈ សេចក្ដីក្លាហាន និងស្មារតីទំនួលខុសត្រូវរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបបានបង្ហាញយ៉ាងច្បាស់ពីការលះបង់ សុខសុវត្ថិភាពជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ទោះ ឈរលើមូលដ្ឋានស្ម័គ្រចិត្តក្ដី ប៉ុន្តែសកម្មភាពដែលសមាជិក សមាជិការបស់យើងបានចូលរួម និងសម្រេចបានជោគជ័យជាបន្តបន្ទាប់ និងការទំនួលខុសត្រូវខ្ពស់បំផុតរបស់សមាជិក សមាជិការគ្រប់រូបនៅតាមមូលដ្ឋាន។
ឯកឧត្តម ក៏បានបង្ហាញពីដំណើរឆ្ពោះទៅមុខ «បើទោះជាក្តីស្រមៃ ផ្នត់គំនិត និងការអនុវត្តរបស់យើងជាបុគ្គលម្នាក់ៗ តែងតែមានភាពខុសគ្នា តែយើងត្រូវខិតខំធ្វើយ៉ាងណាបណ្តុះបណ្តាលសមាជិក និងមានការឯកភាពលើទស្សនៈជាខ្មែរ សម្រាប់ចក្ខុវិស័យវែងឆ្ងាយរបស់សង្គមកម្ពុជា» នាពេលខាងមុខ៕