ក្រសួងសុខាភិបាលរបស់ប្រទេសសិង្ហបុរីបាននិយាយថា ចំនួនករណីឆ្លងជំងឺកូវីដ-១៩ បានចាប់ផ្តើមកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពីចំនួនជាមធ្យម ៨០០នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុនដល់ចំនួនប្រមាណជិត ១ ៥០០នាក់កាលពីថ្ងៃទី២០ ខែមករា ដោយភាគច្រើនជាករណីឆ្លងក្នុងសហគមន៍។
យោងតាមក្រសួងនេះបានឱ្យដឹងថា ករណីឆ្លងនេះអាចកើនឡើងទ្វេដងរៀងរាល់ពីរទៅបីថ្ងៃ ហើយអាចឈានដល់ចំនួនពី ១០ ០០០នាក់ទៅ ១៥ ០០០នាក់ ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
ក្រសួងនេះបាននិយាយថា ដើម្បីការពារអ្នកជំងឺ និងបុគ្គលិកថែទាំសុខភាពក្នុងស្រុកឱ្យកាន់តែប្រសើរឡើង ជាពិសេសជាមួយក្រុមជនងាយរងគ្រោះ ការទៅជួបផ្ទាល់នៅមន្ទីរពេទ្យទាំងអស់ និងការថែទាំងនៅតាមផ្ទះនឹងត្រូវផ្អាកសម្រាប់រយៈពេល ៤សប្តាហ៍ ចាប់ពីថ្ងៃទី២៤ ខែមករានេះដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។
ទន្ទឹមនឹងនេះដែរ ការអនុញ្ញាតសម្រាប់ការជួបជុំក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះនៅតែមានចំនួនប្រាំនាក់ដដែល។
ដើម្បីបង្កើនការការពារប្រឆាំងនឹងវីរុសបម្លែងអូមីក្រុង ប្រទេសសិង្ហបុរីនឹងបន្តកម្មវិធីចាក់វ៉ាក់សាំងការពារដល់ប្រជាជនដែលមានអាយុចាប់ពី ១២ឆ្នាំទៅ ១៧ឆ្នាំ។
នៅពេលមុននេះ ប្រទេសនេះបានប្រកាសថា ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈទៅ ប្រជាជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅនឹងត្រូវបានចាត់ទុកថាបានចាក់វ៉ាក់សាំងពេញលេញក្នុងរយៈពេល ២៧០ថ្ងៃយ៉ាងតិចបន្ទាប់ពីការចាក់វ៉ាក់សាំងចុងក្រោយនៃស៊េរីដំបូងរបស់ពួកគេនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩។ បន្ទាប់មក ដើម្បីរក្សាបាននូវស្ថានភាពចាក់វ៉ាក់សាំងពេញលេញ ពួកគេត្រូវទទួលការចាក់វ៉ាក់សាំងដូសជំរុញ៕