មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ (CCSA) របស់ប្រទេសថៃ បានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារដែលមានអាយុពី ៥-១១ឆ្នាំ។
អ្នកនាំពាក្យរបស់ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយថា កុមារនៅក្នុងក្រុមអាយុនេះនឹងត្រូវទទួលការចាក់វ៉ាក់សាំងជាមួយនឹងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech ។
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer សម្រាប់កុមារអាយុពី ៥-១១ឆ្នាំ ត្រូវបានអនុម័តឱ្យប្រើប្រាស់ដោយរដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសថៃ។
វ៉ាក់សាំងការពារជំងឺកូវីដ-១៩ Pfizer ចំនួន ៣លានដូសត្រូវបានគេរំពឹងថានឹងទៅដល់ប្រទេសថៃនៅថ្ងៃទី២៦ ខែមករាខាងមុខនេះដើម្បីចាក់ដល់កុមារដែលមានអាយុពី ៥-១១ឆ្នាំ។ វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃការបញ្ជាទិញវ៉ាក់សាំងចំនួន ១០លានដូសដែលបានធ្វើឡើងពីពេលមុន។
បន្ទាប់ពីទទួលបានវ៉ាក់សាំងនោះ ក្រសួងសុខាភិបាលថៃនឹងចំណាយពេលពីរបីថ្ងៃដើម្បីវាយតម្លៃ និងធ្វើតេស្តសំណាកមួយចំនួនជាការប្រុងប្រយ័ត្នសុវត្ថិភាពមុនពេលចាប់ផ្តើមចាក់វ៉ាក់សាំង។
កម្មវិធីចាក់វ៉ាក់សាំងសម្រាប់ក្មេងអាយុពី ៥-១១ឆ្នាំនេះនឹងចាប់ផ្តើមនៅវិទ្យាស្ថានសុខភាពកុមារជាតិ Queen Sirikit សម្រាប់កុមារដែលមានជំងឺប្រចាំកាយដូចជាជំងឺហឺត និងជំងឺធាត់ជាដើម មុនពេលផ្លាស់ទីទៅចាក់នៅតាមមន្ទីរពេទ្យផ្សេងៗទៀត។
ក្រសួងសុខាភិបាលនឹងសហការជាមួយក្រសួងអប់រំដើម្បីចាក់វ៉ាក់សាំងដល់កុមារទាំងអស់ដែលមានជំងឺប្រចាំកាយជាមុនសិន។
ក្រសួងនេះបានកត់ត្រានូវការកើនឡើងនៃអត្រាឆ្លងក្នុងចំណោមសិស្សានុសិស្សចាប់តាំងពីដើមខែមករា។
ការឆ្លងមានកម្រិតខ្ពស់ក្នុងចំណោមអ្នកដែលមានអាយុពី ១៣-១៩ឆ្នាំ ហើយយ៉ាងហោចណាស់សិស្សដែលឆ្លងជំងឺកូវីដ-១៩ ម្នាក់ដែលមានអាយុក្រោម ១៨ឆ្នាំបានស្លាប់ចាប់តាំងពីខែវិច្ឆិកាមក។
រហូតមកដល់ពេលនេះ ក្មេងជំទង់ចំនួន ៤,៥លាននាក់ក្នុងចំណោមក្មេងជំទង់ចំនួន ៥លាននាក់ដែលមានអាយុពី ១២-១៨ឆ្នាំបានទទួលការចាក់វ៉ាក់សាំងដូសដំបូងរបស់ពួកគេ ហើយមានតែជាង ៤លាននាក់ប៉ុណ្ណោះដែលបានចាក់ដូសទីពីរ។