ប្រទេសម៉ាឡេស៊ីបានកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កពីចំនួន ៧ថ្ងៃមកនៅត្រឹមចំនួន ៥ថ្ងៃវិញ សម្រាប់អ្នកដំណើរចូលទៅប្រទេសនេះដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោក Khairy Jamaluddin បានពន្យល់ថា សេចក្តីសម្រេចថ្មីនេះត្រូវបានធ្វើឡើងបន្ទាប់ពីការតាមដាន និងអង្កេតដោយផ្អែកទៅលើទិន្នន័យ វិទ្យាសាស្ត្រ និងបទពិសោធន៍ពីប្រទេសផ្សេងៗទៀត។
លោកបាននិយាយបន្ថែមថា អ្នកដំណើរទាំងនោះនឹងត្រូវបង្ហាញការធ្វើតេស្ត RT-PCR ដែលធ្វើឡើងក្នុងរយៈពេលពីរថ្ងៃមុនថ្ងៃចេញដំណើរជាមួយនឹងលទ្ធផលអវិជ្ជមាន។
ការធ្វើតេស្ត RT-PCR ក៏នឹងត្រូវបានអនុវត្តផងដែរនៅថ្ងៃនៃការមកដល់នៅច្រកចូលអន្តរជាតិ។
នៅពេលមុននេះ ម៉ាឡេស៊ីបានកែសម្រួលរយៈពេលនៃការធ្វើចត្តាឡីស័កដោយអាស្រ័យទៅលើស្ថានភាព និងរោគសញ្ញានៃការចាក់វ៉ាក់សាំងរបស់អ្នកដំណើរ។
បទប្បញ្ញត្តិថ្មីដែលចូលជាធរមានចាប់ពីថ្ងៃទី១៦ ខែមករានេះ តម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ដែលមានបង្ហាញរោគសញ្ញា និងមិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទីពីរ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ។
សម្រាប់អ្នកជំងឺដែលគ្មានរោគសញ្ញា និងអ្នកធ្វើដំណើរដែលមិនបានទទួលការចាក់វ៉ាក់សាំងដូសជំរុញ ប៉ុន្តែបានទទួលការចាក់វ៉ាក់សាំងពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ៕