យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តយ៉ាងយកចិត្តទុកដាក់ និងដំណើរការបានយ៉ាងល្អ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ហើយការចាក់វ៉ាក់សាំងនេះបានបង្ហាញប្រសិទ្ធភាពតាមរយៈការមិនមានករណីមរណភាពថ្មីរយៈពេល៣សប្តាហ៍មកហើយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល។
សម្រាប់ដំណើរការនៃការចាក់វ៉ាក់សាំងដល់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រជាពលរដ្ឋចំនួន ១០ ១៩០ ៦២៤ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣៨ ៨៨៦ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៩១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៦ ៧២៣ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៧ ៤៦៣ នាក់ ដែលស្មើនឹង ៩៩.៤២% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ជាមួយគ្នាដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៧ ១៣៧ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៦ ៩៩០ នាក់ ដែលស្មើនឹង ១០៥.៧៨% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៩ ៦៨១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤២ ០៤២ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៥.០៥%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៥៩% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕