ឯកឧត្តម មៀច សុផាន់ណា ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជាបានស្នើឱ្យកីឡាករ កីឡាការិនីខិតខំពង្រឹងសមត្ថភាពឱ្យមានរឹងមាំ ដើម្បីត្រៀមប្រកួតដណ្តើមមេដាយក្នុងឋានៈជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាកាលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងឱកាសបិទការប្រកួតជ្រើសរើសឯកថ្នាក់ជាតិ ឆ្នាំ២០២១ នៅទីបញ្ជាដ្ឋានកងទ័ពពិសេសឆ័ត្រយោង ៩១១ ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២។
ឯកឧត្តម មៀច សុផាន់ណា មានប្រសាសន៍ថា ការប្រកួតនេះមានកីឡាករ កីឡាការិនីបានចុះឈ្មោះចូលរួមច្រើនជាងឆ្នាំមុនៗប៉ុន្តែសហព័ន្ធបានកំណត់ចំនួនដែលអាចគ្រប់គ្រង់ស្ថានភាពបានក្នុងការបង្ការជំងឺកូវីដ-១៩។ ឯកឧត្តមប្រធានសហព័ន្ធសង្កត់ធ្ងន់ថា កីឡាករ កីឡាការិនីឆ្នើមៗ ដែលដណ្តើមបានជ័យលាភីក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះនឹងជ្រើសរើសឱ្យជាប់ជាជម្រើសជាតិ ឆ្នាំ២០២២ ដើម្បីហ្វឹកហាត់បំប៉នសមត្ថភាពជាមួយគ្រូជំនាញរបស់សហព័ន្ធត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងការប្រកួតអន្តរជាតិនានា។
ជាមួយគ្នានោះ ឯកឧត្តម មៀច សុផាន់ណា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈម្មការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការជ្រោង ឱ្យការប្រកួតនេះ ដំណើរការដោយរលូន ដើម្បីជាការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនី អាចបញ្ចេញសមត្ថភាពដណ្តើមយកជ័យលាភី ប្រកបដោយមិត្តភាព និងសាមគ្គីភាព។ ឯកឧត្តមប្រធានក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទៅ ដែលនិយមចូលចិត្តកីឡាបាញ់កាំភ្លើងឱ្យចូលរួមចុះឈ្មោះជាសមាជិករបស់សហព័ន្ធកីឡាបាញ់កាំភ្លើងកម្ពុជា ដោយអាចប្រកួតលើទីលានពិតប្រាកដ ចៀសវាងការប្រើប្រាស់កាំភ្លើងនៅទីសាធារណៈខុសច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសង្គម។
សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១ ដំណើរការប្រកួតរយៈពេល២ថ្ងៃលើ២វិញ្ញាសា ដោយមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងចំនួន៤៤នាក់ ក្នុងនោះកីឡាការនី ៦នាក់។ ជាលទ្ធផល វិញ្ញាសា កាំភ្លើងខ្លី៩មីលីម៉ែត្រ ចំណាត់ថ្នាក់លេខ១ កីឡាករ វុធថា ដាវណ្ណ មកពីក្លឹប ង-៧០លេខ២ កីឡាករ អាន កក្កដា ក្លឹបបូកគោ និងលេខ៣ កីឡាករ ថាវវៈ ម៉ារ៉ាឌី ក្លឹប ង-៧០។ វិញ្ញាសាកាំភ្លើងវែង២២ឡុង ៥០ម៉ែត្រ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ ប៉ុក សុផាន់ណូ ក្លឹបកីឡាកាំភ្លើង លេខ២ កីឡាករ ស៊ីម សែន ក្លឹប ៩១១ និងលេខ៣ កីឡាករ ឡាង ចាន់ធារ៉ា មកពីក្លឹបកងរាជអាវុធហត្ថ៕