សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមាន ការត្រួតពិនិត្យហ្មត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរស័ក្តិដល់មន្ត្រីនគរបាល។ ការដាក់បទបញ្ជារបស់ប្រមុខដឹកនាំក្រសួងមហាផ្ទៃនេះ ដោយសារការត្រួតពិនិត្យ នាពេលកន្លងទៅ គឺមានមន្រ្តីនគរបាលជាង ២ ០០០ នាក់ ក្នុងចំណោមជាង ៩ ០០០ នាក់ត្រូវបាន ដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋាននៃវិជ្ជាជីវៈនគរបាលទាល់តែសោះ។
ក្នុងពិធីប្រគល់រថយន្តជូនវរសេនាតូចនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ នាព្រឹកថ្ងៃទី២៥ ខែ មករា ឆ្នាំ២០២២ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ សម្តេចក្រឡាហោម ស ខេង បានណែនាំឱ្យត្រួតពិនិត្យទៅលើមន្រ្តីនគរបាលដែលធ្វើការយូរឆ្នាំហើយ តែមិនបានឡើងស័ក្តិ ខណៈមន្រ្តីខ្លះទើបចូលធ្វើការ តែបានឡើងតួនាទី និងស័ក្តិជាដើម ដោយសារតែមានសាច់សាលោហិត ជាអ្នកធ្វើការខ្សែធំ ។ សម្តេចក្រឡាហោមកបានលើកឡើងថា គ្រប់នគរបាលទាំងអស់ ត្រូវតែធ្វើការឆ្លងកា ត់វគ្គជំនាញមូលដ្ឋាន យ៉ាងហោចណាស់ឱ្យបាន៤ខែ ដោយមិនអនុញ្ញាតឱ្យដំឡើងតួនាទី និងឋានន្តរស័ក្ដិ ដែលមិនបានធ្វើការរៀនសូត្រវគ្គមូលដ្ឋានឡើយ។
សម្ដេចក្រឡាហោមគូសបញ្ជាក់ថា “តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាននគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅ ពុំទាន់បានធ្វើការរៀនសូត្រ មុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោមជាង៩ពាន់មុខតំណែង គឺបានរកឃើញ ជាង២ពាន់មុខតំណែង ដែលមិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជាកំហុសឆ្គង ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយបានរកឃើញបញ្ហានេះ ហើយយើងបានប្រជុំ ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹងធ្វើការណែនាំ នាពេលឆាប់ៗខាងមុខនេះ”។
សម្ដេចក្រឡាហោមបានបន្ដថា មន្រ្តីនគរបាលខ្លះ មានភ័ព្វវាសនាដោយក្នុងមួយឆ្នាំឡើងឋានន្តរស័ក្ដិមួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយ ពុំបានឡើងនឹងគេ។ ដូច្នេះហើយត្រូវនាំគ្នាពិនិត្យឱ្យបានច្បាស់លាស់ ដោយត្រូវបញ្ឈប់ការប្រើប្រាស់មនោសញ្ចេតនា បងប្អូន មិត្តភក្ដិ ដើម្បីតួនាទី និងឋានន្តរស័ក្ដិ គប្បីក្រឡេកមើលមន្រ្តីណា ដែលពួកគាត់ខិតខំធ្វើការងារល្អ ហើយត្រូវលើកទឹកចិត្ត និងលើកកម្ពស់តួនាទី និងឋានន្តរស័ក្ដិដល់ពួកគាត់។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបន្ថែមថា គ្រប់មន្ត្រីនគរបាលដែលទើបតែជាប់ដោយការប្រឡងក្តី ដោយការសម្ភាសន៍ក្តី ក្នុងករណីចាប់បាច់ណាមួយក្តី ត្រូវតែទទួលបានការបណ្តុះបណ្តាល មុខវិជ្ជាជំនាញរបស់នគរបាលជាតិ។ សម្តេចក្រឡាហោមរម្លឹកផងដែរថា កាលពីពេលកន្លងទៅ ការសិក្សារៀនសូត្រត្រូវមានរយៈពេល២ខែកន្លះ ហើយមកដល់ពេលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃ គឺបន្ថែមឱ្យមានរយៈពេល៤ខែ ក្នុងនោះក្រសួងគ្រោងបន្តពិនិត្យលទ្ធភាព លើផែនការរយៈពេលមធ្យម បង្កើនដល់៦ខែ ហើយផែនការរយៈពេលវែង អាចឈានទៅដល់៨ខែ៕