កំពង់ចាម៖កាលពីព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ នៅសាលាខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងផ្តល់រង្វាន់ដល់បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៣២រូប ក្រោមអធិតីភាព ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាល ខេត្តកំពង់ចាម។
នៅក្នុងឱកាសនោះឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចតិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជាជូនចំពោះចៅៗដែលបានជាប់និទ្ទេសA ចំនួន៣២នាក់ ក្នុងក្រុងកំពង់ចាម ព្រមទាំងលោកគ្រូអ្នកគ្រូ ឪពុកម្ដាយអាណាព្យាបាលសិស្សនៅទីនោះក្នុងក្តីនឹករលឹក។
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងនូវការកោតសរសើរយ៉ាងខ្លាំង ចំពោះក្មួយៗ ចៅៗ ដែលបានខិតខំរៀនសូត្របានពូកែរហូតទទួលបាននិទ្ទេស A ទោះបីការសិក្សាឆ្នាំសិក្សា ២០២០-២០២១កន្លងទៅ ស្ថិតនៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ19 ក៏ដោយ ក៏លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យើងបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទោះបីទៅក្នុង ថ្នាក់នៅតាមផ្ទះសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយ ក៏យើងបានគោរពតាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ក្នុងគោលដៅពង្រឹងគុណភាពអប់រំ សិក្សារួម និងការគោរពនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ បានយ៉ាងល្អប្រសើរ។
ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់ក្មួយសិស្សានុសិស្សដែល បានប្រឡង ជាប់និទ្ទេសA ត្រូវខិតខំប្រឹងប្រែងឱ្យ អស់លទ្ធភាពគ្រប់បែបយ៉ាងក្នុងការ សិក្សាតាមគ្រប់ រូបភាពក្នុងការសិក្សាស្រាវជ្រាវទទួលយកចំណេះដឹង រហូតទទួលបានលទ្ធផល ជោគជ័យនៅ ថ្នាក់សកលវិទ្យាល័យបន្តទៀតតាមជំនាញឯកទេសផ្សេងៗ ដើម្បីអនាគតខ្លួន សង្គមគ្រួសារ និងសង្គមជាតិទាំងមូល និងត្រូវចៀសវាងឱ្យឆ្ងាយការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ណាដែលនាំឱ្យប៉ះពាល់ដល់ អនាគតខ្លួន សង្គមគ្រួសារ និងសង្គមជាតិទាំងមូល។ មានតែ ចំណេះវិជ្ជានេះឯងដែលធ្វើឱ្យយើងមានអនាគតរុងរឿងនាំមកនូវភាពជោគជ័យ ក្នុងជីវិត ពិសេសធ្វើឱ្យយើងក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អដែលជាសសរទ្រូង សម្រាប់ប្រទេសជាតិ។
សូមបញ្ជាក់ថា រង្វាន់លើកទឹកចិត្តដល់បេក្ខជនជាប់និទ្ទេសA ចំនួន ៣២នាក់ ដោយ ម្នាក់ៗទទួលបាន laptop មួយគ្រឿង ថវិកា ៤០ម៉ឺនរៀល និងសម្ភារសិក្សាមួយចំនួនទៀត៕