ខែនេះដំណាំឆៃថាវនៅខេត្ត កំពង់ធំកំពុងពេញប្រមូលផលនិងទទួលបានទិន្នផលច្រើន ខណៈដំណាំកំពុងទទួលបាន ការគាំទ្រច្រើនពីអតិថិជនសម្រាប់ជាម្ហូប ឬ កែច្នៃធ្វើជាឆៃប៉ូវ សម្រាប់ជាស្បៀងបំរុងទុកថែមទៀតផង។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ លោកសុខ រ៉េត ប្រជាកសិករដាំដំណាំឆៃថាវ ដែលរស់នៅក្នុងភូមិអូវែង ស្រុកប្រាសាទ បល្ល័ងខេត្ដកំពង់ធំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំឆៃថាវ ខែនេះកំពុងពេញប្រមូលផល ជាពិសេសដំណាំនេះ វាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ ហើយវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាង កាយមនុស្ស ។
កសិករ សុខរ៉េត បានដាំ ដំណាំផ្កាឆៃថាវនេះ លើផ្ទៃដី ៣ហិកតា ហើយបច្ចុប្បន្នមានឈ្នួញនិងប្រជាពលរដ្ឋទៅទិញដល់ចម្ការតែម្តង ដែលលក់ក្នុងតម្លៃបោះដុំ១គីឡូ ក្រាម១៥០០រៀល និងលក់ រាយ២៥០០រៀល។ លោកបានបន្ថែមថា ការ សម្រេចដាំដំណាំប្រភេទនេះ គឺដោយសារតែវាងាយស្រួលដំា មិនពិបាកមើលថែ ហើយម្យ៉ាងទៀតវាមិនត្រឹមតែជាបន្លែសម្រាប់បរិភោគប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាកែច្នៃទៅជា ស្បៀងអាហារបំរុងទុក ដូចជាឆៃប៉ូវប្រៃឬឆៃប៉ូវផ្អែម ថែម ទៀតផង ខណៈដែលការដាំដុះនេះលោកបានគិតគូរខ្ពស់ពីសុខភាពអ្នកបរិភោគ មិនប្រើប្រាស់សារធាតុគីមីអ្វីឡើយ។
ទាំងនេះគឺជាសំដីរបស់កសិករ សុខ រ៉េត« មូលហេតុដែលយើងចូលចិត្តដាំបន្លែផ្លែឈើទាំងអស់នឹង ពីព្រោះពួកខ្ញុំចូលចិត្តញាំបរិភោគ ដោយ សារវាមានរសជាតិឆ្ងាញ់ និងយើងគិតគូរពីសុខភាពអ្នកបរិភោគនិងខ្លួនឯងផ្ទាល់ផងដែរ»។
លោកក៏បានបញ្ជាក់ប្រាប់ពីបច្ចេកទេសក្នុងការដាំ ដើម្បីកុំ ឲ្យខាតបង់ថវិកា ដោយ
ទី១.កសិករយើង ត្រូវជីករណ្តៅទទឹងប្រមាណមួយចំអាម រាក់ៗ បន្តក់គ្រាប់ពូជ មួយរណ្ដៅ ២ ឬ ៣គ្រាប់ រួចស្រោចទឹកឲ្យជោគ ទើបយកចំបើង ឬស្មៅស្ងួត ក្រាលគ្របពីលើស្តើងៗមួយស្រទាប់។
ទី២.កាលណាដុះស្លឹកមួយដើម ៥ស្លឹកហើយ ទើបដកដើមណាដែលមិនស្អាតចោល ទុកតែដើមដែលរឹងប៉ឹងជាងគេឲ្យឃ្លាតពីដើមមួយទៅដើមមួយប្រមាណជាង ១ចំអាម ឬប្រមាណ ៣តឹក។
ទី៣.ដើម្បីថែទាំដំណាំឆៃថាវឲ្យល្អ ចាំ បាច់ត្រូវតែស្រោចទឹក ១ថ្ងៃ ១ដង គឺពេលថ្ងៃ បោចស្មៅ ជ្រួយដីឲ្យធូរ ដើម្បីឲ្យទឹកងាយជ្រាបចូលក្នុងដីរក្សាសំណើមបានយូរ ធ្វើឲ្យមើមឆៃថាវអាចស្រូបយកជីជាតិស្រួល។
ទី៤.ពេលវាដុះហើយ ត្រូវស្រោចវា តែឆៃថាវនេះវាមិនត្រូវការទឹកពេកទេ គ្រាន់តែស្រោចវាឲ្យល្មម ឲ្យសើមបានហើយ តែបើខែប្រាំងវិញ យើងដាំត្រូវតែស្រោចទឹកតែពេល ថ្ងៃបានហើយ។
សូមបញ្ជាក់ថា ដំណាំផ្កាឆៃ ថាវនេះគឺមានអត្ថប្រយោជន៍រហូតទៅដល់៧យ៉ាងសម្រាប់រាងកាយមនុស្សដូចជា៖
១.កាត់បន្ថយហានិភ័យនៃជំងឺ មហារីក។
២.ទប់ស្កាត់ប្រយុទ្ធប្រឆាំងអាការៈទល់លាមក ឆៃថាវ ក៏ជាប្រភពដ៏ប្រសើរនៃជាតិសសៃ ហើយមាន ប្រសិទ្ធភាពជួយសម្អាតកំទេចកំទីអាហារដែលជាប់គាំង ឬទាក់ក្នុងពោះវៀន។
៣.គ្រប់ គ្រងជំងឺទឹកនោមផ្អែម ឆៃថាវ គឺមានផ្ទុកសន្ទស្សន៍ជាតិស្ករទាបដែលមានន័យថា ការទទួលទានវាមិនផ្ដល់ផលប៉ះ ពាល់អ្វីចំពោះកម្រិតនៃជាតិស្ករក្នុងឈាមឡើយ។
៤.ទប់ ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។
៥.គ្រប់គ្រងសម្ពាធឈាម ឆៃថាវ ជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពផ្សារភ្ជាប់ទៅនឹងការកាត់បន្ថយបញ្ហានៃសម្ពាធឈាមឡើងខ្ពស់ខុស ប្រក្រតី។
៦ជំនួយសុខភាពស្បែក ឆៃថាវ ក៏មានផ្ទុកនូវជាតិផូស្វ័រ, វីតាមីន C, ស័ង្កសី និងវីតាមីន B ដែលល្អចាំបាច់សម្រាប់សុខភាពស្បែក។
៧.ជំរុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ ៕