ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាន កោតសរសើរស្នាដៃសៀវភៅ «កម្ពុជារឿងរ៉ាវនយោបាយ សង្គ្រាម និងស្នេហា»ដែលនិពន្ធដោយ ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋ មន្រ្តី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការអង្គភាពអ្នកនាំពាក្យរាជរដ្ឋា ភិបាល ដែលផលិតសៀវភៅបានល្អ ទុកបំរើដល់អ្នកអាន និងអ្នកស្រាវជ្រាវ។
ការកោតសរសើររបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននេះ បានធ្វើឡើងក្នុងឱកាសទទួលសៀវភៅពីឯកឧត្តម ឯក ថា ចំនួន២០ច្បាប់ នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២២ នាទីស្តីការក្រសួងព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានកោតសរសើរ និងវាយ តម្លៃខ្ពស់ ចំពោះឯកឧត្តម ឯក ថា ដែលបានប្រឹងប្រែងសិក្សាស្រាវជ្រាវចងក្រងជាសៀវភៅ ប្រលោមលោកបែបប្រវត្តិសាស្រ្តមានចំណងជើងថា «កម្ពុជារឿង រ៉ាវនយោបាយ សង្គ្រាម និងស្នេហា» ជាភាសាអង់គ្លេសនេះឡើង ហើយជាភាសាអង់គ្លេស ដែលមិនត្រឹមតែបានដឹង បានយល់នៅក្នុងប្រទេសនោះទេ ជនបរទេសក៏បានមើល ដឹងពីរឿងរាវទាំងអស់នេះផងដែរ។
ក្នុងជំនួបនោះ ឯកឧត្តម ឯក ថា បានជម្រាបជូនថា សៀវភៅដែលកម្ពុជា រឿងរ៉ាវនយោបាយ សង្គ្រាម និងស្នេហា មានចំនួនបីភាគ ដោយភាគទីមួយ បាននិយាយ អំពីកត្តាដែលរួមចំណែកឱ្យមានសង្គ្រាមនៅកម្ពុជា កាលពីអំឡុងឆ្នាំ ១៩៥០ ជាងរហូតដល់ឆ្នាំ១៩៨៩។ មានចំណងជើងតូចមួយនៅខាងក្រោមសៀវភៅ និយាយថា មេរៀនកម្ពុជាពីពេលនោះនិងឥឡូវនេះ។
សម្រាប់ភាគ ទីពីរ សៀវភៅនេះ គឺបែបប្រលោមលោកនយោបាយ វប្បធម៌ ប្រពៃណី ការទូតដែលមានចំណងជើងថា «ប្រយុទ្ធសត្រូវប្រទះស្នេហ៍» គឺនិយាយអំពីទាហានកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជួយសង្គ្រោះ ប្រជាជនកម្ពុជារួចរស់ជីវិតពីសង្គ្រាមដូចជា សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីផ្ដួលរំលំរបបខ្មែរក្រហម។
ទាហានកងទ័ពស្ម័គ្រចិត្តវៀតណាមមួយរូបដែលបាន វង្វេងនៅក្នុងព្រៃ ទឹកដីនៅក្នុងការធ្វើសង្គ្រាមនៅកម្ពុជា ហើយក៏បានស្រឡាញ់ រួមរស់គ្នាជាមួយមេបញ្ជាការខ្មែរ ក្រហម ហើយការស្រឡាញ់របស់ពួកគេ នៅក្នុងព្រៃនោះ គឺមានតែសេចក្ដីស្រឡាញ់ទេ ដែលអាចរួមចំណែកឈានទៅសង្គមមួយដែលមានសុខដុមនីយកម្ម កុំឱ្យមើល ឃើញគ្នាជាសត្រូវប៉ុន្តែមើល ឃើញគ្នា ជាមិត្តភក្តិ។ ភាគទីបី នៅក្នុងសៀវភៅនេះ គឺនិយាយអំពីប្រលោមលោកបែបនយោបាយគឺ «ស្នេហ៍វែងអន្លាយជីវិតខ្លី» គឺពណ៌នាអំពីរឿងហេតុដែលបានកើត ឡើង នៅក្នុងសង្គមក្រុមគ្រួសារខ្មែរ ក្ដីស្រឡាញ់ សង្គ្រាម ការផ្លាស់ប្តូរ សេដ្ឋកិច្ច នយោបាយ ការទូតប្រពៃណី នៅក្នុងប្រទេសកម្ពុជា និងចំណុចផ្សេងៗទៀត។
សៀវភៅនេះកម្រាស់ជាង ៥០០ទំព័រ ហើយមានការគាំទ្រពី ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី និងបញ្ញវន្តបរទេសជាច្រើន។ សៀវភៅជាភាសា អង់គ្លេសនេះ មានលក់នៅទីផ្សារ ក្នុងស្រុក ១ ក្បាលតំលៃ ២០ ដុល្លារ និងនាំយកទៅលក់នៅឯប្រទេសអូស្ត្រាលី ម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី និងទៅបណ្តាប្រទេស នៅអឺរ៉ុប ថែមទៀតផងដែរ។
ឯកឧត្តម ឯក ថា បានបញ្ជាក់ថា ដោយសារសៀវភៅនេះជាភាសាអង់គ្លេស លោកនឹងធ្វើ ជា EBOOK ដាក់អានហើយធ្វើការលើកទឹកចិត្ដយុវជនខ្មែរ ដែលចេះផ្នែក ឌីហ្សាញ បើកជាវេបសាយដាក់សៀវភៅនេះចូល ដើម្បីទទួលកម្រៃ សម្រាប់ជួយដល់ការងារមនុស្សធម៌ផងដែរ ៕