កម្មករកម្មការិនីរោងចក្រ ដែលបម្រើការងារនៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសទី៣ នៅតាមគោលដៅដែលបានកំណត់ ដើម្បីការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែរាតត្បាតនៅក្នុងសហគមន៍។
លោកស្រី សុខ ធីតា ជាកម្មការិនីដែលបម្រើការងាររោងចក្រ នៅក្នុងរាជធានីភ្នំពេញបានឱ្យដឹងថា លោកស្រីបានមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ រួចរាល់ហើយ ព្រោះការចាក់វ៉ាក់សាំងគឺពិតជារឿងសំខាន់ ដែលអាចការពារអាយុជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប មិនឱ្យឆ្លងជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែឆ្លងចូលក្នុងសហគមន៍។
លោកស្រីបានបន្តថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន គឺដើម្បីឱ្យប្រជាពលរដ្ឋអាចរស់តាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ ខណៈដែលកម្ពុជាក៏បានបើកប្រទេសឡើងវិញផងដែរ។
លោកស្រីបានបន្ថែមទៀតថា ចំពោះការមកចាក់សាំងបង្ការជំងឺកូវីដ-១៩នេះដែរ គឺមានការអនុញ្ញាតពី ថៅកែរោងចក្រ ហើយការមកចាក់នេះ គឺមិនមានការកាត់ប្រាក់នោះទេ។
លោកស្របន្តថា៖ ខ្ញុំមកចាក់លើកទី៣នេះ ដើម្បីការពារខ្លួន ហើយខាងរោងចក្រគឺគេអត់ឃាត់ទេព្រោះគេតម្រូវឱ្យចាក់ គឺចាក់ឱ្យបានគ្រប់ៗគ្នា តែការចាក់គឺអាចមកត្រឹម១០នាក់ក្នុងម្តង ដើម្បីកុំឱ្យស្ទះខាងការងារ ហើយយើងមកចាក់នឹងក៏មិនមានការកាត់ប្រាក់អីដែរ ដោយសារខាងក្រុមហ៊ុន គេតម្រូវការឱ្យយើងមកចាក់វ៉ាក់សាំងនេះឱ្យបានទាំងអស់គ្នា ដើម្បីការពារខ្លួន ពីការឆ្លងជំងឺវីរុសកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មីអូមីក្រុង ដែលកំពុងតែឆ្លងក្នុងសហគមន៍របស់យើង។
ចំណែក លោក វុធ រក្សា ក៏បានឱ្យដឹងដែរថា ការមកចាក់វ៉ាក់សាំងលើកទី៣របស់កម្មករកម្មការិនីរោងចក្រនេះ គឺពិតជាមានសារសំខាន់ណាស់ ព្រោះវ៉ាក់សាំងនេះអាចការពារយើងទាំងអស់គ្នាពីការឆ្លងជំងឺកូវីដ-១៩ ក៏ដូចជាទប់ស្កាត់ការឆ្លងនៃមេរោគបំប្លែងថ្មីអូមីក្រុង។
លោកបានបន្តថា ទោះបីជាពួកគាត់ទទួលបានការចាក់រួចហើយក្តី លោកក៏មិនភ្លេចឡើយនូវការការពារខ្លួនជាប់ជានិច្ចនូវវិធានការ៣កុំនិង៣ការពារ របស់ក្រសួងសុខាភិបាលក៏ដូចជាការ ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែរ។ តាមប្រសាសន៍ របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិកាក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថា ប្រសិនបើថៅកែរោងចក្រនិងកម្មករកម្មការិនីដែលចង់មកទទួលការចាក់វ៉ាក់សាំងដូសទី៣ ហើយចង់រៀបចំទីតាំង ចាក់វ៉ាក់សាំងនៅឯរោងចក្រតែម្តង គឺអាចរៀបចំបាន ដោយក្រសួងសុខាភិ បាល បានរៀបចំក្រុមគ្រូពេទ្យរួចជាស្រេច ប៉ុន្តែការសម្រេចគឺអាស្រ័យទៅលើថៅកែរោង ចក្រ ស្នើមកកាន់ក្រសួងការងារ ហើយមានកិច្ចសហការគ្នាជាមួយ ដៃគូពាក់ព័ន្ធ ទើបក្រសួងអាចរៀបចំទីតាំងចាក់វ៉ាក់សាំងទាំងអស់នេះ ជូនទៅ ដល់កម្មករកម្មការិនីតែម្ដង ៕