ខេត្តកណ្តាល៖ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ចិន ដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ចាប់ពីថ្ងៃ ទី២៨ ខែមករា ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ក្នុងកិច្ចប្រជុំនេះដែរដោយបានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីអភិបាលរងស្រុក នាយករងរដ្ឋបាលស្រុកនិងសមាគមន៍ក្រុមម៉ុងសាយជាច្រើនរូបផងដែរ។
លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ សមាគមន៍ទាំងអស់ដែលត្រូវដង្ហែម៉ុងសាយ និងដង្ហែអ្នកតាម្ចាស់ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវសុំអនុញ្ញាតិច្បាប់អោយបានត្រឹមត្រូវពីរបណ្តា សង្កាត់-ក្រុង-ស្រុក របស់ខ្លួនអោយបានត្រឹមត្រូវ និងត្រូវមានវិធានការរក្សាអោយបាននូវវិធានការណ៍របស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាល ៣ការពារ ៣កុំអោយបានខ្ជាប់ខ្ជួន និងការពារសន្តិសុខសណ្តាប់ធ្នាប់អោយបានម៉ឺងម៉ាត់ជាទីបំផុត។ហើយក្រុមដែលត្រូវដង្ហែមុននិងចេញដង្ហែត្រូវធ្វើតេស្ត៍រកមេរោគកូវីដ-១៩អោយបានគ្រប់ៗគ្នាដើម្បីសុខសុវត្ថិភាពយើងទាំងអស់គ្នា។
លោកជំទាវបានបន្តថា៖ ស្នើដល់អាជ្ញាធរ ក្រុង-ស្រុកទាំងអស់គ្រប់ទីកន្លែងកំសាន្តក្នុងមូលដ្ឋានរបស់ខ្លួនក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ ត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ ដោយត្រូវណែនាំដល់អ្នកមកលេងកំសាន្តត្រូវរក្សាគម្លាត ពាក់ម៉ាស បាញ់អាល់កុលជាដើម ៕