ខេត្តកណ្ដាល៖នាថ្ងៃ ព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ឆ្នាំ២០២២
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំមន្ត្រីរាជការ មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី ចុះពិនិត្យវឌ្ឍនភាពសាងសង់ប៉ុស្តិ៍ចាំយាម តាមបណ្តោយព្រំដែនកម្ពុជា វៀតណាម ២កន្លែង ត្រង់ចំណុចស្ពានឈើព្រែកជ្រៃ ក្នុងភូមិសាស្ត្រស្រុកកោះធំ និងស្រុកលើកដែក និងបានជួបសំណេះសំណាល និងសួរសុខទុក្ខដល់កងកម្លាំង វរៈនគរបាលការពារព្រំដែនលេខ៦០៥ និងយោធាការពារព្រំដែនលេខ៦០១ នៅបញ្ជាការដ្ឋានយោធាការពារព្រំដែនលេខ៦០១ ចំនួនជាង ១៧០នាក់ ដើម្បីលើកទឹកចិត្តដល់កងកម្លាំងដែលបានលះបង់ ទាំងកម្លាំងកាយចិត្ត ក្នុងកិច្ចការពារបូរណភាពទឹកដី ក៏ដូចជាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមបណ្ដោយព្រំដែននៃប្រទេសជិតខាង។
ឯកឧត្តមអភិបាលខេត្ត បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរ ពីសុខទុក្ខរបស់បងប្អូនកងកម្លាំងរបស់យើង នៅគ្រប់កាលៈទេសៈទាំងអស់។
ឯកឧត្ដមបានបន្តថា ដោយស្ថានភាពនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចពិភពលោក ហើយប្រទេសកម្ពុជារបស់យើង ក៏បានជួបនូវវិបត្តិដោយសារជំងឺនេះផងដែរ តែទោះជាយ៉ាងណាក៏ដោយ ស្ថិតក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចបានយកចិត្តទុកដាក់ គិតគូរពីសុខមាលភាពប្រជាពលរដ្ឋ ដែលបានព្យាយាមទំនាក់ទំនង ស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកុមារ ជាពិសេសកងកម្លាំងប្រដាប់អាវុធរបស់យើង បានទទួលវ៉ាក់សាំងបានគ្រប់ៗគ្នា ទើបធ្វើឱ្យស្ថានភាពជំងឹកូវីដ-១៩ នៅកម្ពុជាមានការធូរស្រាលឡើងវិញ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំ ដល់កម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់លើតួនាទីរបស់ខ្លួន គោរពឱ្យបានម៉ឺងម៉ាត់នូវបទបញ្ជារបស់អង្គភាព បទបញ្ជាថ្នាក់ដឹកនាំខេត្ត និងបទបញ្ជារបស់រាជរដ្ឋាភិបាល ត្រូវធានាសន្តិសុខសណ្ដាប់ធ្នាប់ ការពារបូរណភាពទឹកដី ការពារជាតិមាតុភូមិ និងទប់ស្កាត់ បង្ក្រាបឱ្យបាននូវរាល់បទល្មើសនានា ដែលកើតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសត្រូវបន្តទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមតំបន់ព្រំដែនចូលមកក្នុងសហគមន៍។
ឯកឧត្តមក៏បានផ្ដាំផ្ញើ ដល់កងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដោយត្រូវចូលរួមអនុវត្តវិធានការ «៣កុំ និង៣ការពារ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលផ្សេងៗ ឱ្យបានជាប់ជាប្រចាំ ដើម្បីសហគមន៍របស់យើងគ្មានជំងឺកូវីដ១៩។
សូមបញ្ជាក់ថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំងក្នុងពិធីនេះគឺក្នុងម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម ម៉ាស ១០បន្ទះ ជែល ១ដប ត្រីខ ២យួរ និងថវិកា ១០ ម៉ឺនរៀល៕