ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចខិតខំសម្រួចគោលដៅឆ្ពោះទៅដណ្តើមមេដាយមាសឱ្យបាន៩គ្រឿង នៅក្នុងឋានៈជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ នេះជាការប្តេជ្ញាចិត្តរបស់ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នៅក្នុងឱកាសបិទការប្រកួតកីឡាវ៉ូវីណាម ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលបានដំណើរការដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលកីឡាការ៉ាតេនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ។
ឯកឧត្តម អ៊ូ រតនា បានគូសបញ្ជាក់ថា ដោយសារកីឡាវ៉ូវីណាម ជាប្រទេសកីឡាដ៏មានសក្តានុពលខ្ពស់ក្នុងការដណ្តើមមេដាយជូនជាតិ ពីលើឆាកអន្តរជាតិកន្លងមកទើបធ្វើឱ្យ គណៈកម្មាធិការជាតិរៀបំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដាក់សន្ទសន៍មេដាយមាសចំនួន ៩គ្រឿង ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ។
ឯកឧត្តមបន្ដថា ក្រៅពីការហ្វឹកហាត់ ការប្រកួតពិតជាមានសារៈសំខាន់ណាស់ សម្រាប់កីឡាករ-កីឡាការិនី ដើម្បីអភិវឌ្ឍន៍ និងបង្កើតសមត្ថភាពកីឡាករ-កីឡាការិនី រួមទាំងចៅក្រម-អាជ្ញាកណ្ដាលផងដែរ។ ទន្ទឹមនេះ សហព័ន្ធនឹងខិតខំស្វះស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែម ក្រៅពីថវិកាគាំទ្ររបស់ក្រសួងអប់រំ យវុជន និងកីឡា ដើម្បីបង្កើនការប្រកួតឱ្យបានច្រើន ក្នុងការសម្រួចគោលដៅឱ្យទទួលបាន នៅក្នុងស៊ីហ្គេម ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ រួមទាំងការកៀគរការឧបត្ថម្ភគាំទ្រពីវិស័យឯកជននានា។
រីឯគណៈកម្មាធិការជាតិ CAMSOC ក៏កំពុងរង់ចាំ និងការឧបត្ថម្ភគាំទ្រនូវគ្រូបង្វឹកកម្រិតខ្ពស់មកពីសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក សម្រាប់ជួយពង្រឹងការងារហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាវ៉ូវីណាម ដើម្បីឈានឆ្ពោះទៅសម្រេចគោលដៅនាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។
បើតាមការបញ្ជាក់ពីឯកឧត្តម យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធវ៉ូវីណាមបានឱ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១នេះបានដំណើរការប្រកួតយ៉ាងស្វិតស្វាញ រយៈ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីចូលរួមសរុប ៨៦នាក់ មកពី៩សមាគម-ក្លឹប និងក្រសួង ស្ថាប័ន។
សម្រាប់លទ្ធផលបច្ចេកទេសជ័យលាភីរួមមាន៖ ក្លឹបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ដោយដណ្តើមបានចំណាត់ថ្នាក់លេខ១ ឈ្នះមេដាយសរុប១០គ្រឿង ក្នុងនោះមេដាយមាស ៦, ប្រាក់១ និងសំរឹទ្ធិ៣។ លេខ២ ក្លឹបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយសរុប ៦គ្រឿង ក្នុងនោះមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធិ២ ស្របពេលដែលក្លឹបខេត្តសៀមរាប ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៧គ្រឿង មានមេដាយមាស ២ ប្រាក់៣ និងសំរឹទ្ធិ២៕