ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការពង្រឹងការអភិវឌ្ឍបន្ថែម ក្នុងការសម្រួចបច្ចេកទេសរបស់កីឡាករ មន្ត្រីអាជ្ញាកណ្តាល ចៅក្រមឱ្យកាន់តែមុតស្រួចបន្ថែម ឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្ដមសេនីយ៍ ក្នុងឱកាសមហាសន្និបាតបញ្ចប់អាណត្តិចាស់ និងបន្តអាណត្តិថ្មី របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ កាលពីថ្ងៃ ទី២៧ ខែមករា ឆ្នាំ២០២២ ដោយឯកឧត្តមទទួលបានការគាំទ្របន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី តាមរយៈការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីសមាជិករបស់ខ្លួន។
ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍ថា ឯកឧត្តមនឹងបន្តការខិតខំបន្ថែមទៀត ដើម្បីជំរុញឱ្យសហព័ន្ធជំនាញមួយនេះកាន់តែប្រសើរបន្ថែមទៀត ពីព្រោះថាអាណត្តិថ្មីនេះគឺចំពេលដែលកម្ពុជាត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេមឆ្នាំ២០២៣។ ដូច្នេះហើយសហព័ន្ធត្រូវការបណ្តុះបណ្តាលកីឡាករ កីឡាការិនី មន្រ្តី និងរៀបចំការប្រកួតទាំងលក្ខណៈជាតិ និងអន្តរជាតិជាច្រើនទៀត។ ប្រធានសហព័ន្ធអាណត្តិថ្មីរួបនេះក៏បានលើកបង្ហាញពីការត្រៀមជួលគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ និងបានពិចារណាលទ្ធភាពយកអ្នកជំនាញការបរទេសមកធ្វើជាទីប្រឹក្សារបស់សហព័ន្ធផងដែរ ដើម្បីសិក្សាពីបច្ចេកទេសថ្មីៗ ព្រមទាំងការរៀបចំការងារមួយចំនួនមុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ មកដល់។
ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានបញ្ជាក់ថា សហព័ន្ធកំពុងតែស្វែងរកគ្រូបង្វឹកបរទេសមកដឹកនាំក្រុមបាល់ទះឆ្នេរខ្សាច់ ព្រមទាំងរៀបចំរចនាសម្ព័ន្ធមួយចំនួនជំរុញឱ្យមានក្រុមបាល់ទះតាមបណ្តាខេត្តរាជធានី ចូលរួមប្រកួតក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២២ នេះ។
ឯកឧត្តម វ៉ាត់ ចំរើនឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានក្រើនរម្លឹកដល់សហព័ន្ធកីឡាបាល់ទះថា សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជានេះ មានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ពិតមែន ក៏ប៉ុន្ដែនៅពេលដែលទទួលធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម គឺសហព័ន្ធនីមួយៗជាអ្នកទទួលរៀបចំការប្រកួត។ ដូច្នេះសហព័ន្ធត្រូវតែរៀបចំខ្លួនទាំងហ្វឹកហ្វឺនកីឡាករ រៀបចំផែនការប្រកួត និងបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសឱ្យបានរួចរាល់មុនព្រឹត្តិការណ៍តំបន់អាស៊ាននេះមកដល់៕