ក្លឹបកីឡាតេក្វាន់ដូ ITF សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ និងក្លឹបពន្លឺយុវជនខេត្តកំពង់ស្ពឺបានយកឈ្នះមេដាយមាស២គ្រឿងៗដូចគ្នា នៅក្នុងការប្រកួតថ្ងៃបើកឆាក កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នៃការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ថ្ងៃទី២៧-២៩ ខែមករា ឆ្នាំ២០២២ នៅសាលកីឡានៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។
សម្រាប់ថ្ងៃទី១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ស្ពឺ ក្រៅពីមេដាយមាស២គ្រឿង គឺឈ្នះមេដាយប្រាក់១ និងសំរឹទ្ធិ សរុប៤គ្រឿង ខណៈក្លឹបពន្លឺយុវជនខេត្តកំពង់ស្ពឺឈ្នះមេដាយសរុប៣គ្រឿង ក្នុងនោះមាស ២និងសំរឹទ្ធិ១។ ដោយឡែកនៅថ្ងៃទី២៨-២៩ ខែមករានេះនឹងបន្តសម្រិតសម្រាំងរកកីឡាករ កីឡាការិនីខ្លាំងៗលើវិញ្ញាសាជាច្រើនទៀត។
ឯកឧត្តម ប៊ួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាគូសបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិ ២០២១ ដែលកំពុងដំណើរការប្រកួត៣ថ្ងៃនេះមានកីឡាករ កីឡាការិនីសរុប ១៣២នាក់ ក្នុងនោះកីឡាការិនី៤៦នាក់ កីឡាករ៨៦នាក់ មកពី១៨ក្លឹប ៦រាជធានី-ខេត្ត និងក្រសួង២ គឺក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ព្រឹត្តិការណ៍នេះប្រើប្រាស់កញ្ចប់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
ឯកឧត្តមអគ្គលេខាធិការបន្ថែមថា ការប្រកួតឆ្នាំនេះមាន២៣វិញ្ញាសា ដោយបែងចែកជា៣ផ្នែកធំៗរួមមានវិញ្ញាសាមេគុន៧វិញ្ញាសាបច្ចេកទេសពិសេស១វិញ្ញាសា និងវិញ្ញាសាប្រយុទ្ធឯកត្តជន៧ប្រភេទទម្ងន់៖នារីមាន៥ប្រភេទទម្ងន់ គឺប្រភេទទម្ងន់ក្រោម ៤០ គីឡូក្រាម ទម្ងន់ក្រោម ៤៥ គីឡូក្រាម ទម្ងន់ក្រោម ៥០ គីឡូក្រាម ទម្ងន់ក្រោម ៥៥ គីឡូក្រាម និងទម្ងន់ក្រោម ៦០ គីឡូក្រាម។
ចំណែកវិញ្ញាសាបុរសមាន៧៖ទម្ងន់ក្រោម ៤៥ គីឡូក្រាម ទម្ងន់ក្រោម ៥០ គីឡូក្រាម ទម្ងន់ក្រោម ៥៥ គីឡូក្រាម ទម្ងន់ក្រោម ៦០ គីឡូក្រាម ទម្ងន់ក្រោម ៦៥ គីឡូក្រាម ទម្ងន់ក្រោម ៧០ គីឡូក្រាម និងទម្ងន់ក្រោម ៧៥ គីឡូក្រាម និងវិញ្ញាសាសេរីជម្រើសជាតិ ទម្ងន់ក្រោម ៥២-៦៥ គីឡូក្រាម ទម្ងន់ក្រោម ៦៥-៧៥ គីឡូក្រាម និងទម្ងន់៧៥ គីឡូក្រាមឡើង៕