ក្រុងតាខ្មៅខេត្តកណ្តាល៖ អាជ្ញាធរ ខេត្តកណ្តាល បានផ្តល់កាដូ លើកទឹកចិត្ត ដល់សិស្សក្រុងតាខ្មៅ ប្រឡងជាប់បាក់ឌុប ឆ្នាំសិក្សា ២០២០-២០២១ នាសម័យប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ សរុបចំនួន ១,០៩៤ នាក់ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក្នុងឱកាស សំណេះសំណាល និងជូនរង្វាន់ជ័យលាភី សិស្សប្រឡងជាប់បាក់ឌុប ចំនួន ១,០៩៤ នាក់ និងលោកគ្រូ អ្នកគ្រូ ចំនួន ១១៨ នាក់ បង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យរដ្ឋ និងសាលាឯកជន ក្រុងតាខ្មៅ រួមជាមួយ ឯកឧត្ដម បណ្ឌិត ម៉ៅភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ដែលពិធីនេះ បានប្រារព្វធ្វើឡើង នៅទីស្នាក់បក្សខេត្ត នារសៀល ថ្ងៃទី២៨មករានេះ បានថ្លែងថា៖ លទ្ធផល ប្រលងបាក់ឌុបឆ្នាំនេះ បានបង្ហាញពីការខិតខំប្រឹងប្រែងរៀនសូត្រ របស់បេក្ខជន មុននិងក្នុងបរិបទកូវីដ-១៩ ក្រោមការជួយ ជ្រោមជ្រែង ពីសំណាក់មាតាបិតា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិកអប់រំ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអនុវត្ត បទបញ្ញត្តិរបស់ក្រសួងអប់រំ និងវិធានការ សុវត្ថិភាពសុខភាព របស់ក្រសួងសុខាភិបាល។
ថ្លែងនាឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ សម្តែងការ អបអរសាទរ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះសិស្សដែលទទួលបាន ជ័យលាភី ដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់ ដើម្បីផលប្រយោជន៍ទាំងសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ផងដែរ។
គួរបញ្ជាក់ថា៖ ដើម្បីលើកទឹកចិត្ត ដល់ សិស្សប្រឡងជាប់បាក់ឌុប នៅទូទាំងខេត្ត សកលវិទ្យាលយ័ បច្ចេកវិទ្យានិងវិទ្យាសាស្ត្រកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែម (Stem Genius Scholarship) ឥតបង់ថ្លៃសិក្សា ១០០% ជូនសិស្សទើបប្រឡងជាប់បាក់ឌុប ក្នុងខេត្តកណ្តាល អាចបន្តការសិក្សា ថ្នាក់បរិញ្ញាបត្ររយៈពេល ០៤ឆ្នាំ ចំនួន ១៥០ កន្លែង ក្នុងនោះស្រ្តី ៥០កន្លែង។
អាហារូបករណ៍នេះ សិក្សារយៈពេល ៤ឆ្នាំ ដោយផ្តោតលើជំនាញ ព័ត៌មានវិទ្យា បច្ចេកវិទ្យា ជំនាញ វិស្វកម្មរ៉ូបូត ស្វ័យប្រវត្តិកម្ម វិស្វកម្មវិទ្យាសាស្រ្តទិន្នន័យ និងបញ្ញាសិប្បនិម្មិត សន្តិសុខតាមប្រព័ន្ធ អ៊ីនធឺណេតស្ថាបត្យកម្ម ការរចនាផ្នែកខាងក្នុង (Interior Design) និងបច្ចេកវិទ្យាអប់រំ។
គួរបញ្ជាក់ផងដែរថា៖ សិស្សក្រុងតាខ្មៅ ប្រឡងជាប់បាក់ឌុប សរុបចំនួន១. ០៩៤នាក់ ទទួលបានអំណោយលើកទឹកចិត្ត ពីថ្នាក់ដឹកនាំខេត្ត រួមមាន៖-និទ្ទេស A ចំនួន ៣២ នាក់ ម្នាក់ៗទទួលបានម៉ូតូ ចំនួន ០១គ្រឿង -និទ្ទេស B ចំនួន ១១៦ នាក់ ម្នាក់ៗទទួលបានថវិកា ៤០ម៉ឺនរៀល – និទ្ទេស C ចំនួន ២០២ នាក់ ម្នាក់ៗទទួលបានថវិកា ៣០ ម៉ឺនរៀល -និទ្ទេស D ចំនួន ៣៥៦ នាក់ ម្នាក់ៗទទួលបានថវិកា ២០ ម៉ឺនរៀល និទ្ទេស E ចំនួន ៣៨៨ នាក់ ម្នាក់ៗទទួលបានថវិកា ១០ ម៉ឺនរៀល។ ជាមួយគ្នានេះ លោកគ្រូ អ្នកគ្រូ ចំនួន ១២០ នាក់ ទទួលបានថវិកា ១០ ម៉ឺនរៀល ក្នុងមួយនាក់។
គួររំលឹកថា៖ បេក្ខជនទូទាំងខេត្តប្រឡងជាប់បាក់ឌុប សរុប ៥. ៩២៥នាក់ ស្រី ៣. ៦០៥នាក់ ស្មើនិង ៦៨,២២% ក្នុងនោះរួមមាន៖-និទ្ទេស A សរុប ១២៧ នាក់ ស្រី ៨៥នាក់ -និទ្ទេស B សរុប៤៦៣ នាក់ ស្រី ២៧៥ នាក់ -និទ្ទេស C សរុប ៩៥២ នាក់ ស្រី ៦២៧ នាក់ -និទ្ទេស D សរុប ១. ៩៦៤នាក់ ស្រី១. ២២១នាក់ -និទ្ទេស E សរុប ២. ៤១៩ នាក់ ស្រី ១. ៣៩៧នាក់៕