ខេត្តកណ្តាល៖ យ៉ាងហោចណាស់ក្មេងទំនើង០២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាលសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកកៀនស្វាយឃាត់ខ្លួនចំណែកបក្ខពួក១០នាក់ទៀតគេចខ្លួន ពាក់ព័ន្ធករណីកាន់ដុំថ្មគប់កញ្ចក់ហាងមីហឹរបណ្តាលឲ្យរងការខូចខាត ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នាវេលាម៉ោង ៣:១៥នាទី នៅចំណុចហាងមីហិរ ស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ផន ស្រីនាង ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរអាជីវករ។
ដោយឡែកជនសង្ស័យមានចំនួន១២នាក់៖
១.ឈ្មោះ ស៊ុន តៃលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល មុខរបរ កម្មករសំណង់(ឃាត់ខ្លួន)។
២.ឈ្មោះ វី លីហ៊ ហៅ ចិន ភេទប្រុស អាយុ ១៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជ័រ ឃុំស្វាយប្រទាល ស្រុកស្អាងខេត្តកណ្តាល មុខរបរ សិស្ស(ឃាត់ខ្លួន)។
៣.ឈ្មោះ ខួច ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ សិស្ស(គេចខ្លួន)។
ចំណែក០៩នាក់ទៀតមិនស្គាល់អត្តសញ្ញាណរត់គេចខ្លួនអស់។
តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាមុនពេលកើតហេតុ ជនសង្ស័យខាងលើ បានជិះម៉ូតូដើរលេងមកខាងម្តុំសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានបក្សពួកទាំងអស់ ១២នាក់ ដោយមានម៉ូតូចំនួន៤គ្រឿង។ លុះដល់ម៉ោង០២:៣០នាទី ឆ្លងចូលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ជនសង្ស័យខាងលើរួមទាំងបក្សពួក បាននាំគ្នាជិះម៉ូតូមកផ្ទះវិញនៅខាងស្រុកស្អាង ពេលមកដល់ម្តុំឃុំឈើទាលជនសង្ស័យខាងលើបានឈប់ម៉ូតូ រើសដុំថ្មមួយដុំ កាន់ជាប់នឹងដៃ ជិះម៉ូតូរហូតមកដល់មុខហាងមីហិរស្ថិតនៅភូមិឬស្សីស្រុក២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ជនសង្ស័យឈ្មោះ ស៊ុន តៃលី ភេទប្រុស បានយកដុំថ្មគប់សំដៅទៅលើហាងមីហិរចំនួន ០១ដុំ ដោយជនសង្ស័យឈ្មោះ ខួច ភេទប្រុស ជាអ្នកបើកម៉ូតូ រីឯជនសង្ស័យឈ្មោះ វី លីហ៊ ហៅចិន ភេទប្រុស ជាអ្នកអង្គុយកណ្តាល ពេលគប់រួចជនសង្ស័យ នឹងបក្សពួកបានជិះម៉ូតូទៅផ្ទះរៀងៗខ្លួន។
ក្រោយកើតហេតុ ភ្លាមនោះជនរងគ្រោះបានលឺសូរសម្លេងមានគេគប់ហាង ក៏ចេញមកមើលរួចឆែកមើលកាំមេរ៉ាសុវត្ថិភាពក៏ឃើញជនសង្ស័យខាងលើ នឹងបក្សពួកធ្វើសកម្មភាពគប់ហាងរបស់ខ្លួន។
លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៧:១០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។
ក្រោយពីទទួលពាក្យបណ្តឹងរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល សហការជាមួយកំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយចុះស្រាវជ្រាវមុខសញ្ញារហូតកំណត់មុខសញ្ញា រួចកំលាំងសមត្ថកិច្ចបាននាំជនសង្ស័យខាងលើយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស៊ុន តៃលី បានសារភាពថា ខ្លួនពិតជាបានយកដុំថ្ម គប់ហាងមីហិរពិតប្រាកដមែន។
ក្រោយពីសាកសួររួច ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការតាមនីតិវិធី៕