គិតមកដល់ពេលនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា សម្រាប់ដូសមូលដ្ឋានបានចំនួន ១៣ ៧៦០ ៦៣០ នាក់ហើយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០១ ៤៨៤ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៥១ ៥១០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០២.០១% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ក្នុងនោះសម្រាប់ដូសជំរុញ (ដូសទី៣) សម្រេចចាក់បានចំនួន ៤ ៩៧៨ ០៩៣ នាក់ និងដូសជំរុញ (ដូសទី៤) ដែលបានបើកយុទ្ធនាការកាលពីថ្ងៃទី១៤ ខែមករា កន្លងទៅនេះ សម្រេចចាក់បានចំនួន ៤៥៤ ០៦៩ នាក់។
ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៨ ៦៣៨ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៤១ ០១១ នាក់ ដែលស្មើនឹង ៩៩.៥៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។
ចំណែកកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០១០ ២៩៦ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩២១ ៦៦៦ នាក់ ដែលស្មើនឹង ១០៥.៩៥% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។
សម្រាប់កុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣២៣ ០៨១ នាក់ សម្រាប់ដូសទី១ និងចំនួន ២៤៦ ១៦៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៦.១៧%។
បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ នៅកម្ពុជា ការងារចាក់វ៉ាក់សាំងសម្រេចចាក់បាន ១៤ ៣៥៣ ៦២១ នាក់ ដែលស្មើនឹង ៨៩.៧១% ជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ទាំងដូសមូលដ្ឋាន ដូសទី៣ និងដូសទី៤៕