(ត្បូងឃ្មុំ)៖ កម្លាំងជំនាញនគរបាលនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលស្រឡប់ ឃាត់ខ្លួនបុរសម្នាក់ដែលធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ចំនួន៣គ្រឿង ត្រង់ចំណុចភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដើម្បីចាត់ការទៅតាមនីតិវិធី ។
លោកវរៈសេនីយ៍ឯក សាំ ហេង អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា នៅម៉ោងជិត៩យប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នៅពេលបានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋទៅលេខប្រចាំបញ្ជារបស់អគ្គស្នងការនគរបាលជាតិ ថាមានជនសង្ស័យម្នាក់កំពុងធ្វើសកម្មភាពគប់កញ្ជក់រថយន្តអ្នកដំណើរជាបន្តបន្ទាប់ ស្ថិតនៅចំណុចផ្លូវក្រាលកៅស៊ូខាងជើងសាលាខេត្តត្បូងឃ្មុំ ត្រង់ដីឡូទំនេរមួយកន្លែង។
បន្ទាប់ពីទទួលព័ត៌មានភ្លាម ក្រោមបទបញ្ជារពីលោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៍ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់ឲ្យកម្លាំងជំនាញផែននគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រឡប់នៃអធិការដ្ឋានស្រុកត្បូងឃ្មុំ ចុះអន្តរាគមន៍ចាត់ការជាបន្ទាន់ ដល់កន្លែងកើតហេតុភ្លាមៗ ក្នុងនោះកម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចន ចាន់រ៉ា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិពន្លាក ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលកំពុងអង្គុយក្នុងរោងមួយរបស់ដីឡូ ក្រុមហ៊ុន សូ សេត កំពុងចាំគប់កញ្ចក់រថយន្តដោយមានវត្ថុតាងដុំថ្មជាច្រើនដុំនៅជិតខ្លួន ។
បើតាមសាក្សីនៅកន្លែងកើតហេតុ បានបញ្ជាក់ថា នៅពេលកើតហេតុ គេបានឃើញជនសង្ស័យខាងលើ បានធ្វើសកម្មភាពគប់រថយន្តរបស់អ្នកដំណើរជាបន្តបន្ទាប់ ចំនួន ៣គ្រឿង ១គ្រឿងរថយន្តរបស់ក្រុមហ៊ុនវរៈ ប៊ុនថាំ ពណ៌ទឹកក្រូច ១គ្រឿងរថយន្តធុនកូរ៉េ មិនច្បាស់ពណ៌ និង១គ្រឿងទៀតម៉ាក VEGO ពណ៌ទឹកមាសដែលមិនស្គាល់អ្នកបើកបរ ធ្វើដំណើរពីកើតទៅលិច បណ្តាលឲ្យខូចខាតរថយន្តទាំង៣គ្រឿងនោះកំរិតស្រាលពិតប្រាកដមែន ប៉ុន្តែម្ចាស់រថយន្តទាំង៣គ្រឿងនោះ បានឈប់តែបន្តិច ពិនិត្យរថយន្តហើយ ក៏ធ្វើដំណើរទៅទិសខាងលិចបាត់អស់ទៅ ។
បន្ទាប់ពីឃាត់ខ្លួន កម្លាំងគរបាលបានធ្វើការសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពគប់កញ្ចក់ រថយន្តនៅទីនោះពិតប្រាកដមែន និងបានការឯកភាពពីលោក ឧត្តមសេនីយ៍ស្នងការ និងលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ អនុញ្ញាតិឲ្យឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ កសាងសំណុំរឿងអនុវត្តន៍តាមនិតិវិធី និងបញ្ជូនទៅតុលាការ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នេះផងដែរ៕