ប្រទេសឥណ្ឌូណេស៊ីនឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កជាកាតព្វកិច្ចពី ៧ថ្ងៃមកនៅត្រឹម ៥ថ្ងៃវិញសម្រាប់អ្នកដំណើរដែលចូលទៅដល់ប្រទេសនេះចាប់ពីថ្ងៃទី៤ ខែកុម្ភៈនេះទៅ ដោយវាជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញវិស័យទេសចរណ៍ ជាពិសេសនៅរមណីយដ្ឋានកោះបាលី។
បទប្បញ្ញត្តិថ្មីនេះអាចអនុវត្តបានសម្រាប់អ្នកដំណើរដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួនពីរដូស ខណៈដែលអ្នកដំណើរដែលបានចាក់វ៉ាក់សាំងតែមួយដូសនៅតែត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃដដែល។
កោះបាលីនឹងបើកទទួលភ្ញៀវទេសចរបរទេសទាំងអស់ចាប់ផ្តើមពីថ្ងៃទី៤ ខែកុម្ភៈនេះ ដើម្បីជំរុញសេដ្ឋកិច្ចក្នុងស្រុកដែលរងគ្រោះដោយសារជំងឺរាតត្បាតកូវីដ-១៩ ដែលកំពុងបន្តនៅឡើយ៕