នកជំនាញផ្នែកសុខភាពបានឱ្យដឹងថា អ្នកជក់បារីប្រឈមពីភាពធ្ងន់ធ្ងរដល់ជីវិត ប្រសិនជាឆ្លងជំងឺកូវីដ១៩ ខណៈដែលសួតរបស់ពួក គាត់ បានរងការខូចខាតរួចទៅហើយ មុននឹងវីរុសកូវីដ១៩ ចូលទៅវាយលុកបន្តទៀត។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា បានឱ្យដឹងថា ស្ថាប័នសុខាភិបាលធំៗនៅលើពិភពលោក តាមការស្រាវជ្រាវបស់អង្គការសុខ ភាពពិភពលោក ស្ដីពីការជក់ បារី និងជំងឺកូវីដ១៩ បានរកឃើញថា ការជក់បារី មានជាប់ ពាក់ព័ន្ធនឹងកំណើនភាពធ្ងន់ ធ្ងរនៃករណីជំងឺ និងករណីស្លាប់ទៅលើអ្នកជំងឺកូវីដ១៩ ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លោកវេជ្ជបណ្ឌិតបន្តថា អ្នកជក់បារី ងាយនឹងឆ្លងជំងឺកូវីដ១៩ ដោយសារការជក់បារី បានយកម្រាមដៃ និងបារី ដែលមានជាតិកខ្វក់មកប៉ះជាមួយបបូរមាត់ ដែលបង្កើនលទ្ធភាពនៃការឆ្លងវីរុសកូវីដ១៩ ពីដៃទៅមាត់។
ម្យ៉ាងទៀតចំពោះ ផលិតផលថ្មីបារីអេឡិចត្រូនិក ដែលក្រុមយុវជនមួយចំនួនបានប្រើឧបករណ៍នេះជក់រួមគ្នា ពីមាត់មួយទៅមាត់មួយ ដូចនេះគឺនឹងធ្វើឱ្យមានការចម្លងបន្តគ្នានូវវីរុសកូវីដ១៩។
លោកវេជ្ជ បណ្ឌិតបន្ថែមថា សម្រាប់អ្នកជក់បារី ប្រឈមជំងឺសួតទៅហើយ ឬសមត្ថភាពសួតរបស់គាត់ចុះខ្សោយ ដែលជាកត្ដាអាចបង្កើនហានិភ័យខ្ពស់នៃការឆ្លងនិងឈឺធ្ងន់ធ្ងរ។
សំឡេង៖« ចំពោះអ្នកដែលជក់បារី ន័យថា នៅពេលដែលជក់ច្រើនពេក សួតពួកគាត់គឺចាប់ផ្តើមខូចហើយ ប៉ះពាល់ហើយ អ៊ីចឹងនៅពេលដែលគាត់ឆ្លងមេរោគកូវីដ១៩ទៀត ដោយសារតែមេរោគកូវីដ១៩ គឺទៅបំផ្លាញសួតដូចគ្នាដែរ។
ដូច្នេះធ្វើឱ្យសួតរបស់គាត់កាន់តែបំប្លែងខ្លួនធ្ងន់ធ្ងរ ដែលអាចគាត់ប្រឈមមុខនឹងការចូលមន្ទីរពេទ្យ ជាងអ្នកដែលមិនជក់បារី ហើយប្រឈមនឹងការព្យាបាលរយៈពេលយូរ។ ហើយក្នុងនោះផលវិបាកសុខ ភាពក្រោយជំងឺកូវីដក៏មានធ្ងន់ធ្ងរជាងគេដែរ»។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ជារៀងរាល់ឆ្នាំ ប្រជា ជនកម្ពុជាចំនួន ១៥០០០ នាក់បាត់បង់ជីវិត ដោយសារជំងឺបង្កដោយការប្រើប្រាស់ថ្នាក់ជក់ដោយផ្ទាល់ និងការស្រូបផ្សែងបារីពីគេផងដែរ។
ដូចនេះលោកវេជ្ជបណ្ឌិត អំពាវនាវដល់ពលរដ្ឋ សូមកុំចាប់ផ្ដើមជក់បារី ឬកុំជក់បារី ហើយចំពោះអ្នកដែលជក់ សូមលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ ឬការជក់បារី ព្រោះនេះជាការរួមចំណែកយ៉ាងធំ ក្នុងការរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩៕