ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានជំរុញដល់ប្រព័ន្ធផ្សព្វផ្សាយជាតិទាំងអស់បន្តផ្សាយពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់លេខ២ នៅទ្វីបអាស៊ី និងលេខ១៤ នៅទូទាំងពិភពលោក ជាប្រទេសដែលល្អបំផុតសម្រាប់អ្នកដែលបានចូលនិវត្តន៍មករស់នៅក្នុងឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់គេហ ទំព័រ International Living ។ ការជំរុញរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ នៅក្នុងឱកាស នៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ សម្រាប់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២២ តាមប្រព័ន្ធជាលក្ខណៈ Hybrid សម្រាប់ការប្រជុំចូលរួមដោយផ្ទាល់ និងតាមប្រពន្ធ័ Zoom នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្ដម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាក៏បានជាប់ចំណាត់ថ្នាក់ជាទីកន្លែងដ៏ល្អបំផុតមួយនៅក្នុងចំណោមទីកន្លែងដ៏ល្អផ្តាច់គេទាំង១០ សម្រាប់ដំណើរទេសចរណ៍ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ នេះបើយោងតាមការចេញ ផ្សាយរបស់ទស្សនាវដ្តី Forbes ដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះផងដែរ។
ដោយឡែកកាលពីខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ក្រុម ហ៊ុនមគ្គុទេសក៏ទេសចរណ៍ Touropia បានវាយតម្លៃថា រមណីយដ្ឋានអង្គរ ជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ សម្រាប់ការមកទស្សនាកម្សាន្ត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទន្ទឹមនេះ ប្រាសាទអង្គរ ក៏បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ីផងដែរ ក្នុងចំណោមប្រាសាទចំនួន ១០ នៅទូទាំងពិភពលោក។
ក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តាហ៍នេះដែរឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់ផ្នែកទាំងអស់ ទាំងផ្នែកទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និងគ្រប់ជំនាញ ក្នុងអគ្គនាយកដ្ឋានទាំង៥ ក៏ដូចជាតាមបណ្តាគណៈកម្មការនីមួយៗ នៃក្រសួងព័ត៌មាន ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានលើកឡើងថា ជោគជ័យទាំងនេះ បានបង្ហាញពីការរួបរួមសាមគ្គីភាពគ្នា បានយ៉ាងល្អប្រសើរ និងបានពិនិត្យឃើញពីការវិវត្ដផ្នែកបច្ចេកទេស ថតរូបភាព និងយកព័ត៌មាន កាន់តែប្រសើរឡើង ដែលកិច្ចការងារនេះ ត្រូវបន្តប្រឹងប្រែងទៅមុខទៀត ព្រោះមានព្រឹត្តការណ៍ជាតិសំខាន់ៗជាច្រើនទៀតដែលត្រូវរួមគ្នា ធ្វើឱ្យទទួលបានជោគជ័យថ្មីៗបន្ថែម បន្តទៅមុខទៀត។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ជំនាញ បន្តសហការ សាមគ្គីគ្នា បំពេញកិច្ចការងារសំខាន់ៗនានា ដែលក្រសួងព័ត៌មាន ត្រូវធ្វើ ក្នុងនោះគឺការផ្សព្វផ្សាយបានកាន់តែទូលំទូលាយ ទាក់ទងសមិទ្ធផលការងាររបស់រាជរដ្ឋាភិបាលសម្រេចអនុវត្តន៍បាន និងកំពុងបន្តអនុវត្តន៍ ឱ្យកាន់តែស៊ីជម្រៅ និងស្របតាមសភាពការណ៍វិវត្ដន៍នៃប្រទេសជាតិ នាពេលបច្ចុប្បន្ន៕